
ការប្រកួតកីឡាជិះសេះ ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ (SEA Youth Cup) នៅរាជធានីភ្នំពេញបានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីដំណើរការប្រកួតរយៈពេល៣ថ្ងៃ នៅទីលានស្តង់ដាអន្តរជាតិ ក្លឹបកីឡាជិះសេះ ជីននីស រីសត (Genius resort) ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពចម្រើននៃវិស័យកីឡាជិះសេះកម្ពុជាដែលបានសហការរៀបចំទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាលើកដំបូងការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ដោយជោគជ័យ។ ឯកឧត្តមគូសបញ្ជាក់ថាទោះបីការរួមចំណែករបស់ក្រសួងមិនអាចឆ្លើយតបនឹងការចំណាយដ៏ច្រើនតែសហព័ន្ធបានរីកធំធាត់រហូតមានសមត្ថភាពអាចរៀបចំការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍។ ចំពោះលទ្ធផលបច្ចេកទេសទោះកីឡាករ-កីឡាការិនីកម្ពុជាពុំទទួលបានមេដាយតែពួកគេបានបង្ហាញនូវគុណផលរីកចម្រើនគួរឱ្យកត់សម្គាល់ហើយសង្ឃឹមថា ពួកគេនឹងអាចទទួលបានលទ្ធផលល្អនាថ្ងៃអនាគតផងដែរ។
ជាមួយគ្នានេះ លោកស្រី ស៊ាង ស្រីពៅ អគ្គលេខាធិការ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានលើកឡើងថា ការប្រកួតនេះ ក្រៅពីម្ចាស់ផ្ទះកម្ពុជាមានអត្តពលិក ៧ប្រទេសចូលរួមគឺមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ចិន និងហុងកុងហើយក៏មានប្រទេសមួយចំនួនទៀតបានខកខានចូលរួមដោយសារការត្រៀមខ្លួនបានទាន់ពេលពេលវេលា។ យ៉ាងណាមិញក្នុងនាមសហព័ន្ធលោកស្រីបានសម្ដែងនូវមោទនភាព ដែលការប្រកួតនេះទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធដៃគូឧបត្ថម្ភគាំទ្រព្រមទាំងប្រតិភូនៃបណ្តាប្រទេសនានានិងសហព័ន្ធអន្ដរជាតិដែលជំរុញឱ្យដំណើរការប្រកួតប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។
អគ្គលេខាធិការ លោកស្រី ស៊ាង ស្រីពី បន្ដថា «ទម្រាំយើងទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនេះ សហព័ន្ធកីឡាជិះសេះអន្ដរជាតិបានចុះមកពិនិត្យ និងវាយតម្លៃច្រើនដង ទាំងសត្វសេះនិងទីលានប្រកួត រួមទាំងស្ដង់ដារផ្សេងៗ។ ដូច្នេះកាលណាយើងអាចទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះលើកទី១ ហើយៗសម្រាប់កម្មវិធីបន្ដបន្ទាប់ទៀតគឺងាយស្រួលតែម្ដងព្រោះគេជឿជាក់លើសមត្ថភាពសហព័ន្ធ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាដែលបានជួយគាំទ្រវិស័យកីឡាមួយនេះ។
គួរបញ្ជាក់ថាការប្រកួតកីឡាជិះសេះពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍លើកទី៣ រយៈពេល ៣ថ្ងៃ នៅទីលានក្លិបជិះសេះ Genius resort ដោយមានកីឡាករ កីឡាការិនីមកពីប្រទេសសរុបចំនួន៨ ខណៈការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងកម្រិតអន្តរជាតិមួយនេះកម្ពុជាទទួលបានការកោតសរសើរ និងគាំទ្រពីប្រតិភូប្រទេសនានានិងសហព័ន្ធកីឡាជិះសេះអន្តរជាតិផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន