ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថានៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០និង៣០នាទីកងកម្លាំងសមត្ថកិច្ចថៃប្រដាប់ដោយដំបងនិងខែលព្រមទាំងឧបករណ៍ផ្សេងៗជាច្រើនទៀត បានធ្វើសកម្មភាពរាវមីននិងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួសកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលជាអំពើឈ្លានពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោលនិងយ៉ាងគឃ្លីនបំផុតតាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។

សូមបញ្ជាក់ថាសកម្មភាពរាវមីននេះត្រូវបានកងពលតូចថ្មើរជើងនៃយោធភូមិភាគទី៥កម្ពុជាស្នើឱ្យផ្អាកដើម្បីរង់ចាំការបង្កើតនីតិវិធីប្រតិបត្តិ SOP រវាងភាគីទាំងពីរប៉ុន្តែភាគីថៃនៅតែបំពាន។ សកម្មភាពរំលោភបំពាននេះទៀតសោត ត្រូវបានកត់ត្រាដោយក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលមានវត្តមាននៅទីនោះ។ បើតាម អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ៖
ទី១. រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ភាគីទាំងពីរបានឯកភាពលើបទឈប់បាញ់ភ្លាមៗដោយឥតលក្ខខណ្ឌ (ចំណុចទី១នៃកិច្ចព្រមព្រៀងបទឈប់បាញ់ធ្វើនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥) ដែលមានន័យថាភាគីទាំងសងខាងត្រូវរក្សាទីតាំងដែលខ្លួនឈរជើងនៅពេលបទឈប់បាញ់ចូលជាធរមាន។
ទី២. រំលោភលើស្មារតីនៃកិច្ចប្រជុំ GBC និង RBC ភាគីទាំងពីរបានឯកភាពគ្នាថាត្រូវរក្សាកម្លាំងទ័ពនៅទីតាំងដើមដែលខ្លួនកាន់កាប់គិតត្រឹមពេលបទឈប់បាញ់ចូលជាធរមានដោយមិនត្រូវមានចល័តកងកម្លាំងដោយរួមទាំងការល្បាតផងសំដៅទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត (ចំណុចទី២ នៃ GBC)។ ភាគីទាំងពីរមិនត្រូវប្រើប្រាស់កងកម្លាំងគ្រប់ប្រភេទដែលនាំឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិលនិងទ្រព្យសម្បត្តិរបស់ប្រជាជនស៊ីវិល (ចំណុចទី៥ នៃ GBC)។ ភាគីទាំងពីរបានឯកភាពគ្នាមិនពង្រីកវិសាលភាពនិងទំហំនៃវិវាទរួមបញ្ចូលទាំងសកម្មភាពបង្កហេតុរបស់ទាហានឬប្រជាជនដែលអាចនាំឱ្យមានភាពតានតឹងដូចជាសម្ដីអុជអាលនិងសកម្មភាពរបស់ទាហានដែលទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងទៀតនៅក្រោយពេលដែលបទឈប់បាញ់ចូលជាធរមាននៅវេលាម៉ោង ១២ កណ្តាលអធ្រាត្រ(ម៉ោងក្នុងស្រុក) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥)។
ទី៣. រំលោភលើអនុស្សរណៈនៃការយោគយល់គ្នាត្រង់ចំណុចទី២ មាត្រា៤ នៃ MoU ឆ្នាំ២០០០ ចែងថា «នៅពេលបញ្ចប់ការវាស់វែងនិងខណ្ឌសីមាព្រំដែនតំបន់ (Sector) នីមួយៗអនុស្សរណៈនៃការយោគយល់គ្នាមួយនឹងត្រូវចុះហត្ថលេខាដោយសហប្រធាននៃគណៈកម្មការចម្រុះព្រំដែន។ ផែនទីដែលបង្ហាញពីតំបន់(Sector) ដែលបានបញ្ចប់ការងារវាស់វែងនិងខណ្ឌសីមាព្រំដែនត្រូវចុះហត្ថលេខានិងភ្ជាប់ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នានេះ»។

ទី៤. រំលោភលើគោលការណ៍សិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិសិទ្ធិក្នុងការទទួលបានលំនៅឋាននិងជីវភាពសមរម្យ(មាត្រា ២៥ សេចក្តីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស និងមាត្រា ១១ (១) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌)និងសិទ្ធិលើកម្មសិទ្ធិ (មាត្រា ១៧ សេចក្តីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស)ដែលហាមការបណ្ដេញជនស៊ីវិលចេញពីផ្ទះសម្បែងដោយបង្ខំក្នុងបរិបទនៃជម្លោះប្រដាប់អាវុធអន្តរជាតិ (មាត្រា ៤៩ នៃអនុសញ្ញាទី៤ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩និងវិធាន១២៩ (ក) នៃច្បាប់ទំនៀមទម្លាប់មនុស្សធម៌អន្តរជាតិ)។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃមកលើដែនអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីកម្ពុជានិងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលមិនអាចទទួលយកបានជាពិសេសការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យជាតិកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ទង្វើរំលោភបំពាននិងអំពើហិង្សាទាំងអស់នេះជាបន្ទាន់និងទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់និងស្មារតីនៃកិច្ចប្រជុំGBCនិង RBC អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្សក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះអំពើរំលោភបំពានរបស់ភាគីថៃនិងចាត់វិធានការចាំបាច់បំផុតដើម្បីបង្ខំឱ្យប្រទេសនេះបញ្ឈប់សកម្មភាពឈ្លានពានយ៉ាងគឃ្លីនបែបនេះតទៅទៀតមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់គោលជំហរច្បាស់លាស់ក្នុងការគោរពនិងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិជាធរមាន។
ប្រភព៖ ក្រសួងព័ត៌មាន