ឯកសារស្រាវជ្រាវគោលនយោបាយចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិនិត្យលើសក្តានុពលសេដ្ឋកិច្ចនិងសង្គម នៃការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញនាំចូលពីកម្ពុជាក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ដោយរំលេចពីភាពធន់និងភាពងាយរងគ្រោះនៃសេដ្ឋកិច្ចជំរុញដោយការនាំចេញរបស់កម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថាឯកសារស្រាវជ្រាវដែលមានចំណងជើងផលប៉ះពាល់សេដ្ឋកិច្ចនៃពន្ធគយរបស់សហរដ្ឋអាមេរិកមកលើប្រទេសកម្ពុជានេះត្រូវបានចងក្រងដោយមានការគាំទ្រពី វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។ ឯកសារនេះ ពិនិត្យលើករណីកម្រិតពន្ធគយចំនួនបីគឺទាប (១០%) មធ្យម (១៩%) និងខ្ពស់ (៣៦%) និងផលប៉ះពាល់របស់វាដល់កំណើនសេដ្ឋកិច្ច ការងារភាពក្រីក្រនិងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល នៃប្រទេសកម្ពុជា។ 

ការវិភាគបង្ហាញថាពន្ធគយ ១៩% ជាក់ស្តែងនាពេលបច្ចុប្បន្នដែលសម្រេចបានពីការចរចាទ្វេភាគី ក្នុងខែសីហា ឆ្នាំ២០២៥ នឹងមានផលប៉ះពាល់តិចតួចលើប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ប៉ុន្តែការស្រាវជ្រាវនេះក៏រំលេចដែរ ថា ស្ថានភាពនៅតែមិនច្បាស់លាស់និងផុយស្រួយ។ ពន្ធគយខ្ពស់នឹងពន្យឺតកំណើនសេដ្ឋកិច្ចជិត ១ ភាគរយ ធ្វើឱ្យពលរដ្ឋប្រមាណ ១00 000 អត់ការងារធ្វើនិងបង្កើនអត្រាភាពក្រីក្រលើសពី ១ ភាគរយដែលអាចទាញថយក្រោយនូវការវិវត្តថ្មីៗរបស់ប្រទេសក្នុងការកាត់បន្ថយភាពក្រីក្រ។ ផលប៉ះពាល់នឹងធ្ងន់ធ្ងរជាពិសេសសម្រាប់កម្មករក្នុងវិស័យកាត់ដេរ និងអេឡិចត្រូនិចដែលអាចនាំដល់ការផ្លាស់ប្តូរទៅវិស័យដែលមានប្រាក់ចំណូលទាបជាងមុនដូចជាវិស័យកសិកម្មនិងសេវាកម្មទូទៅ។ សេដ្ឋវិទូរបស់ ADB ប្រចាំប្រទេសកម្ពុជា លោកបណ្ឌិត Milan Thomas ដែលជាអ្នកដឹកនាំចងក្រងឯកសារស្រាវជ្រាវនេះមានប្រសាសន៍ថា៖ «មន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលនិងវិស័យឧស្សាហកម្មកំពុងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ក្នុងរយៈពេលជាច្រើនខែ។ ការវិភាគរបស់ពួកគាត់បង្ហាញថាពន្ធគយខ្ពស់ដែលបានដាក់កាលពីដើមឆ្នាំអាចជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ ប៉ុន្តែអត្រាពន្ធ ១៩% ក្នុងពេលបច្ចុប្បន្នគឺមិនអីទេ។» 

សូមជម្រាបជូនថា ឯកសារស្រាវជ្រាវនេះប្រើប្រាស់គំរូសិក្សាសេដ្ឋកិច្ចរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយរបស់សាកលវិទ្យាល័យ Victoria និងទិន្នន័យអង្កេតគ្រួសារចុងក្រោយបង្អស់ពីវិទ្យាស្ថានជាតិស្ថិតិរបស់កម្ពុជា។ ឯកសារស្រាវជ្រាវនេះផ្តល់ជាអនុសាសន៍ថាបើមានស្ថានភាពនៃការដំឡើងពន្ធគយ វិធានការសង្គ្រោះបណ្តោះអាសន្នរួមមានជំនួយសង្គម សេវាកម្មការងារនិងកម្មវិធីបណ្តុះបណ្តាលអាចត្រូវបានពង្រឹងដើម្បីសម្រួលការប្រែប្រួលទីផ្សារការងារនិងការពារពលរដ្ឋដែលងាយរងគ្រោះ។ ក្នុងរយៈពេលវែងជាងនេះការវិនិយោគដែលកំពុងបន្តលើសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចតាមរយៈហេដ្ឋារចនាសម្ព័ន្ធមូលធនមនុស្សនិងកំណែទម្រង់អាជីវកម្មនឹងកសាងភាពធន់របស់កម្ពុជាសម្រាប់វិបត្តិនាពេលអនាគត។

 

 

ប្រភព៖ ក្រសួងព័ត៌មាន