
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក ឃន ចាន់ថៃ អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាស្រុកបារាយណ៍ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីទៅប្រគល់ផ្ទះថ្មី០១ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាមដែលគាត់មានដីតែមានជម្រករស់នៅមិនសមរម្យ នៅភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក យិន សារី អាយុ ៥៣ ឆ្នាំ មានឋានន្តរសក្ដិនាយឯក បានរៀបរាប់ថាគាត់ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩០ នៅអង្គភាពស៊ើបការណ៍យោធាខេត្តកំពង់ធំ។ នៅឆ្នាំ១៩៩២ បានការពារខ្សែរថយន្តដឹកសម្ភារពីខេត្តកំពង់ធំ ទៅកាន់ខេត្តព្រះវិហារហើយត្រូវខ្មាំងពួនស្ទាក់វាយសង្រ្គប់នៅចំណុចភ្នំដែក ស្រុករវៀង បណ្ដាលឱ្យរងរបួសពេញខ្លួនដោយអំបែងគ្រាប់។ លោក យិន សារី មានភរិយានិងមានកូននៅក្នុងបន្ទុកចំនួន៥នាក់ រស់នៅក្នុងផ្ទះតូចចង្អៀតហើយមានជីវភាពលំបាកខ្វះខាតព្រមទាំងមានជំងឺប្រចាំកាយដោយរបួសសើរើផងដែរ។
លោក ឃន ចាន់ថៃ អភិបាលស្រុកប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាស្រុកបាយរាយណ៍ខេត្តកំពង់ធំ បានសូមគោរពថ្លៃអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់ផ្ទះ០១ខ្នងថ្មីទៀតជូនក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងមានជីវភាពលំបាកខ្វះខាតនិងមានជម្រករស់នៅមិនសមរម្យនៅស្រុកបារាយណ៍នាពេលនេះនិងសូមគោរពជូនពរសម្ដេចឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅគ្រប់ថ្នាក់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាផ្ទះថ្មីដែលទើបសាងសង់រួចនេះមានទំហំ៥ម៉ែត្រ គុណនិង៧ម៉ែត្រ សាងសង់ពីសរសរបេតុងឆ្អឹងដែកដំបូលប្រក់ស័ង្កសីកិនភ្លីជញ្ជាំងស្មាតប៊តរនាបក្រាលក្តារដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាទុកជាចំណងដៃដល់ក្រុមគ្រួសារអតីតយុទ្ធជនពិការដោយសារសង្គ្រាមបានរស់មរម្យជារៀងរហូតតទៅ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ឃន ចាន់ថៃ ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់មានមុង ភួយ កន្ទេល ខ្នើយ សំលៀកបំពាក់ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀតដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោក យិន សារី សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនិងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ។
ប្រភព៖ ក្រសួងព័ត៌មាន