ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍បានទទួលជួបតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុបដើម្បីពិនិត្យវឌ្ឍនភាពគម្រោងនិងពិភាក្សាអំពីជំហ៊ានបន្ទាប់ក្នុងការពង្រឹងអភិបាលកិច្ចកសាងសមត្ថភាពនិងកែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា។ ក្នុងកិច្ច្ពភាក្សានេះក្រុមបេសកកម្មវាយតម្លៃនិងត្រួតពិនិត្យគម្រោងរបស់ AFD បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងសំខាន់ៗរួមទាំងគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាខែងជំហានទី៣ និងគម្រោងពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តសៀមរាប។

ក្រុមបេសកកម្មក៏បានពិភាក្សាអំពីកិច្ចសហការអនាគត ក្រោមក្របខ័ណ្ឌ Team Europe ដោយសង្កត់ធ្ងន់លើការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពនិងការសម្របសម្រួលអន្តរក្រសួងដើម្បីសម្រេចបាននូវភាពធន់នៃវិស័យទឹកស្អាតសម្រាប់រយៈពេលវែង។
ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងអភិបាលកិច្ចនិងលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតរួមទាំងតាមរយៈការរៀបចំបង្កើតនិយតករទឹកស្អាតជាតិនាពេលខាងមុខ។
ឯកឧត្តម បានលើកឡើង ថា ៖ “ យើងមិនអាចចម្លងគំរូ និយតកររបស់យើងពីប្រទេសផ្សេងបានទេ។កម្ពុជាត្រូវតែអភិវឌ្ឍគំរូផ្ទាល់ខ្លួនដែលមានលក្ខណៈសមស្របនិងប្រព័ន្ធអភិបាលកិច្ចនិងស្ថានភាពជាក់ស្តែងក្នុងប្រទេស។ ទឹកស្អាតត្រូវតែក្លាយជាសរសៃឈាមបម្រើសេដ្ឋកិច្ចនិងសុខភាពសាធារណៈរបស់ប្រជាជនយើង។”
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីតម្រូវការក្របខ័ណ្ឌយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយសម្រាប់វិស័យនេះនិងភាពចាំបាច់ក្នុងការគាំទ្ររដ្ឋាករទឹកដែលទើបង្កើតថ្មីក៏ដូចជាប្រតិបត្តិករទឹកស្អាតឯកជនដែលត្រូវពង្រឹងប្រសិទ្ធិភាពនិងកែលម្អសេវា។

ឯកឧត្តមបានបន្ថែមថា៖ “យើងត្រូវផ្តល់ពេលវេលានិងការគាំទ្រដល់រដ្ឋាករទឹកថ្មី។ ជំហានបន្ទាប់គឺការពង្រឹងអភិបាលកិច្ចនិងប្រសិទ្ធភាពដើម្បីរដ្ឋាករទឹកទាំងនោះអាចទាក់ទាញការវិនិយោគបន្ថែមនិងអាចក្លាយជាស្ថាប័នរឹងមាំនិងមាននិរន្តរភាព។” លោកស្រី Sandrine Boucher នាយកប្រចាំប្រទេសរបស់ AFD បានបញ្ជាក់ការប្តេជ្ញាចិត្តរយៈពេលវែងរបស់ AFD ចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជាដោយសង្កត់ធ្ងន់ថាកិច្ចសហការលើការកែទម្រង់គោលនយោបាយការបណ្តុះបណ្តាលនិងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតគឺជាគន្លឹះសម្រាប់ការពង្រីកលទ្ធភាពទទួលសេវា។
ជាផ្នែកមួយនៃកិច្ចសហការអភិវឌ្ឍធនធានមនុស្សទីភ្នាក់ងារ AFD និងសហភាពអឺរ៉ុបនឹងចាប់ផ្តើមផ្តល់អាហារូបករណ៍ក្រោមកម្មវិធី European Global Gateway Scholarships ពីខែកញ្ញា ឆ្នាំ២០២៦ ដោយជ្រើសរើសនិស្សិតកម្ពុជាក្រុមទី១ ចំនួន ៣០ នាក់ឱ្យទៅបន្តការសិក្សាជំនាញពាក់ព័ន្ធនឹងវិស័យទឹកស្អាតនៅទ្វីបអឺរ៉ុប។ ភាគីទាំងអស់បានប្តេជ្ញាសហការលើការកែទម្រង់វិស័យនិងអភិវឌ្ឍធនធានមនុស្សដើម្បីគាំទ្រដល់ចក្ខុវិស័យកម្ពុជាក្នុងការសម្រេចគោដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦.១ ដែលកំណត់ថាប្រជាពលរដ្ឋទាំងអស់នឹងមានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ២០៣០។
ប្រភព៖ ក្រសួងព័ត៌មាន