
នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរនិងបានលើកទឹកចិត្តដល់ភាគីអុីស្រាអែលពិនិត្យលទ្ធភាពនៃការពង្រឹងការគាំទ្រនិស្សិតកសិកម្មកម្ពុជាក្នុងការចូលរួមកម្មវិធីហាត់ការនៅអ៉ីស្រាអែលប្រកបដោយសុខសុវត្ថិភាពខ្ពស់និងទទួលបានចំណេះដឹងនិងចំណេះជំនាញពេញលេញ។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មជាមួយភាគីអុីស្រាអែលតាមរយៈគ្រឹះស្ថានអប់រំកសិកម្មទាំង៣ និងបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មនៅពេលអនាគតដើម្បីចែករំលែកចំណេះដឹងបច្ចេកវិទ្យាទំនើបនិងនវានុវត្តន៍ថ្មីៗសំដៅលើកស្ទួយវិស័យកសិកម្មនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដាំផ្ញើភាគីអ៉ីស្រាអែលបន្តយកចិត្តទុកដាក់សុខសុវត្ថិភាពរបស់និស្សិតកសិកម្មកម្ពុជាដែលកំពុងបំពេញកម្មសិក្សានៅឯអ៉ីស្រាអែល។
ប្រភព៖ ក្រសួងព័ត៌មាន