ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធដល់យុទ្ធជន ដែលបានពលីក្នុងសម័យសង្គ្រាមលោកលើកទី១ នៅស្ថានទូតបារាំង នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

នេះជាឆ្នាំទី៣ ដែលស្ថានទូតបារាំង រៀបចំពិធីរម្លឹកខួបនៃការបញ្ចប់សង្គ្រាមលោកលើកទី១ នៅខាងមុខវិមាន ដែលរម្លឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ឬហៅថាវិមាន«រូបពីរ » ដែលជានិមិត្តរូបដ៏មានអត្ថន័យនៃប្រវត្តិសាស្ត្ររួមបារាំង និងកម្ពុជា។ «រូបពីរ» ជាពាក្យខ្មែរហៅសំដៅដល់ស្តូបសាងសង់ឡើងដើម្បីរំឭកគុណដល់វីរភាពយុទ្ធជនខ្មែរ និងបារាំង ដែលពលីជីវិតក្នុងសង្រ្គាមកាលពីឆ្នាំ១៩១៤-១៩១៨។ តាមរយៈឯកសាររាជកិច្ចរាជការ បោះពុម្ពឆ្នាំ១៩២៥ ហៅស្តូបនេះថា «វិមានរំឭកគុណដល់អ្នកដែលទទួលអនិច្ចកម្មក្នុងចម្បាំងធំ » ។ អតីតស្តូបនេះ កសាងឡើងនៅម្តុំរង្វង់មូលគល់ស្ពានជ្រោយចង្វារត្រើយខាងលិច ក្នុងរាជធានីភ្នំពេញ ពោលគឺស្ថិតនៅពុំឆ្ងាយពីស្ថានទូតបារាំងឡើយ។


លុះចូលដល់របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) គេបានបំផ្លាញវិមានរំឭកគុណយុទ្ធជនខាងលើឱ្យអន្តរាយ នៅសល់តែបំណែកលោហៈបែកពីផ្នែកកណ្តាល នៃស្តូប ក្បាលរំដី ក្បាលនាគ និងតោ។ បំណែកទាំងនោះសរុបមានចំនួន៧ដុំ ហើយធ្លាប់បានចុះបញ្ជី និងរក្សាទុកនៅសារមន្ទីរជាតិកម្ពុជាដូចជា បំណែកចម្លាក់នៃផ្នែកកណ្តាលរបស់ស្តូប (Ga.5929) ក្បាលនាគ (Ga.5930) រូបតោ (Ga.5978)និងបំណែកក្បាលរំដីទាំងបួនទិស។
ជាមួយគ្នានេះដែរអតីតស្តូប ឬវិមានរំឭកគុណយុទ្ធជនពលីកម្មក្នុងសង្រ្គាមលោកលើកទី១ ដែលភាគច្រើនហៅថា “រូបពីរ” គឺបង្ហាញឱ្យឃើញពីទឹកដៃសិល្បៈយ៉ាងល្អ។ មិនតែប៉ុណ្ណោះ វិមាននេះជាភស្តុតាងប្រវត្តិសាស្រ្តកម្ពុជាសម័យអាណាព្យាបាលបារាំង ដែលយុទ្ធជនខ្មែរបានបូជាជីវិតក្នុងការសង្រ្គាមលោកផង និងជានិមិត្តរូបយ៉ាងសំខាន់នៃទំនាក់ទំនងជាមិត្តរបស់បារាំងនិងកម្ពុជា
ទន្ទឹមគ្នានេះដែរ វិមាន«រូបពីរ»នេះត្រូវធ្លាប់បានសម្ពោធម្តងអំឡុងឆ្នាំ១៩២៥ ប៉ុន្តែត្រូវបានកម្ទេចដោយខ្មែរក្រហម។ ក្រោយមករាជរដ្ឋាភិបាលកម្ពុជា ក៏បានសាងសង់ឡើងវិញ និងដាក់សម្ពោធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ៕
ប្រភព៖ ក្រសួងការពារជាតិ