
អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថាគម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេនិងកំពុងដំណើរការតាមកាលបរិច្ឆេទនៃដំណាក់កាលនីមួយៗ។ ព្រែកជីកនេះនឹងចាប់ផ្តើមជីកនៅពេលទឹកស្រកខាងមុខអាចចុងខែវិច្ឆិកាឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ។
តាមរយៈបណ្តាញសង្គមការងារផ្លូវការនានាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្តថាបច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែងនិងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាលដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការនិងដឹកជញ្ជូនអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ។
ឯកឧត្តម បានបន្ថែមថា ពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែងនិងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់លំនៅដ្ឋាននិងដីស្រែនៅស្រុកកោះធំ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដៃប្រជាពលរដ្ឋរងផលប៉ះពាល់ព្រមទាំងបានរៀបចំវេទិកាពិភាក្សានិងការសម្របសម្រួលជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់។ បើមិនមានការប្រែប្រួលទេគម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។
តាមឯកឧត្តម អ្នកនាំពាក្យ «គម្រោងព្រែកជីហ្វូណនតេជោគឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជាហើយត្រូវបានចាត់ទុកជាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជាក្នុងវិស័យនាវាចរណ៍និងការដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។
ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡានិងតភ្ជាប់បានគ្រប់ជ្រុងជ្រោយព្រមទាំងចូលរួមបំពេញបន្ថែមចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនិងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ននិងបង្កើនប្រសិទ្ធភាពកាត់បន្ថយចម្ងាយនិងតម្លៃដឹកជញ្ជូនធានាភាពប្រកួតប្រជែងធានាឯករាជ្យភាពនិងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹកនិងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ។
នៅពេលគម្រោងនេះបញ្ចប់នឹងចូលរួមលើកកម្ពស់ការតភ្ជាប់បណ្តាញផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិនិងអន្តរជាតិពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជំរុញការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួលរវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
គម្រោងនេះក៏នឹងផ្តល់អត្ថប្រយោជន៍រួមមាន៖ ការជំរុញ និងអភិវឌ្ឍន៍ វិស័យគ្រប់គ្រងធនធានទឹកប្រព័ន្ធធារាសាស្រ្តកសិកម្មទេសចរណ៍ ពាណិជ្ជកម្ម នគរូបនីយកម្មសំណង់និងការវិនិយោគសំខាន់ៗ ហើយគម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានប្រាក់ខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈការបង្កើនផលិតភាពកសិកម្មសួនឧស្សាហកម្មទេសចរណ៍កាត់បន្ថយថ្លៃដើមដឹកជញ្ជូននិងឡូជីស្ទីកបង្កើនការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវសមុទ្របង្កើតការងារថ្មីៗជាច្រើនជូនប្រជាពលរដ្ឋនិងជំរុញការអភិវឌ្ឍន៍និងវិនិយោគពហុវិស័យសម្រាប់តំបន់នានាតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។
គម្រោងដ៏ធំសម្បើមនិងមានអត្ថន័យជាប្រវត្តិសាស្រ្តនេះគឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យយុទ្ធសាស្រ្តវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ គម្រោងនេះបានបន្តយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភានិងថាមពលដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយយូរអង្វែងបន្តទៀត»។
ប្រភព៖ ក្រសួងព័ត៌មាន