ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋដែលមិនបានមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីសូមរួសរាន់អញ្ជើញមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នាពីមន្ត្រីសុរិយោដីក្នុងមូលដ្ឋានខ្លួនតាមការកំណត់របស់មន្ត្រីជំនាញរយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃប្រកាសចែកប័ណ្ណកម្មសិទ្ឌិនេះតទៅជៀសវាងមានការបង់សេវាលើកការថែរក្សាប័ណ្ណជូនម្ចាស់កម្មសិទ្ធ។

ការអំពាវនាវនេះធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០,២៣៦ប័ណ្ណជូនប្រជាពលរដ្ឋចំនួន១៨ ភូមិស្ថិតនៅឃុំម្កាក់ ឃុំព្រៃពួច និងឃុំដំណាក់អំពិលស្រុកអង្គស្នួលនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីអាជ្ញាធស្រុកមន្ទីរជុំវិញខេត្តមន្ត្រីរាជការនិងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានប័ណ្ណហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូរទុកដាក់ថែរក្សាឱ្យបានល្អកុំឱ្យបាត់បង់ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ក្នុងការសម្គាល់សិទ្ធិកាន់កាប់ការទិញលក់បញ្ចាំដីធ្លីរបស់ខ្លួនស្របតាមច្បាប់។ នៅពេលមានការបាត់បង់គឺតម្រូវឱ្យធ្វើប័ណ្ណទុតិយតាឡើងវិញហើយចំពោះការចេញប័ណ្ណទុតិយៈតានេះពិតជាពិបាកស្មុគស្មាញណាស់ត្រូវទាមទារការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយមុននិងចេញជូន បើមិនមានលក្ខណៈត្រឹមត្រូវនោះទេអាចនឹងផ្តល់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្រោយទៀតក្នុងការទិញលក់បង្កជាវិវាទផ្សេងៗ។ ដូច្នេះនៅពេលដែលមានការបាត់បង់ប័ណ្ណកម្មសិទ្ធិដីធ្លីសូមបងប្អូនប្រជាពលរដ្ឋប្រញាប់ទៅជួបជាមួយអាជ្ញាធរនិងមន្ត្រីជំនាញក្នុងមូលដ្ឋានខ្លួន ដើម្បីផ្ដល់ព័ត៌មានឯកសារពាក់ព័ន្ធនានាក្នុងការសុំធ្វើប័ណ្ណបានទុតិយតាត្រឹមត្រូវស្របតាមច្បាប់។

ឯកឧត្តម អភិបាលខេត្តបានគូសបញ្ជាក់បន្ថែមថាបញ្ហាដីធ្លីរដ្ឋបាលខេត្តកណ្តាលព្រមទាំងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ព្រមទាំងប្ដេជ្ញាខិតខំពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទូទាំងខេត្តឱ្យបានលឿនរួចរាល់អស់នៅចុងឆ្នាំ២០២៥នេះ។ ពីព្រោះការចុះបញ្ជីដីធ្លី គឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងជាទូទៅគឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លីទីផ្សារដីធ្លីទប់ស្កាត់និងដោះស្រាយជម្លោះដីធ្លីគ្រប់គ្រងដីធ្លីប្រកបដោយសមធម៌ និរន្តរភាពនិងប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានស្នើដល់អាជ្ញាធរស្រុកត្រូវបន្តគិតគូរពីការសម្អាតបរិស្ថាននិងការទុកដាក់សំរាមសំណល់រឹងឱ្យកាន់តែល្អប្រសើរថែមទៀតដើម្បីសុខភាពប្រជាពលរដ្ឋបរិស្ថានល្អផ្តល់នូវភាពស្អាតសេចក្តីថ្លៃថ្នូរមានសេរីសួស្តីនិងសុខភាពល្អ។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថាសំរាមគឺកើតចេញពីយើងទាំងអស់គ្នាដូច្នេះយើងត្រូវតែចូលរួមសម្អាតថែទាំទាំងអស់គ្នាត្រូវនាំគ្នាដាំដើមឈើដើមផ្កាលម្អបរិស្ថានដោយចាប់ផ្ដើមពីជុំវិញខ្លួនយើងផ្ទះយើងភូមិយើងស្រុកយើងខេត្តយើងនិងប្រទេសយើងទាំងមូល។

បន្ថែមពីលើនេះទៀតឯកឧត្តមអភិបាលខេត្តបានធ្វើការក្រើនរំលឹកទៅដល់គណៈបញ្ជាការឯកភាពស្រុកគ្រប់ថ្នាក់ ត្រូវបន្តខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរពិសេសនោះគឺត្រូវមានវិធានការទប់ស្កាត់ករណីក្មេងទំនើងកុំឱ្យកើតឡើងក្នុងមូលដ្ឋានជាដាច់ខាត។ត្រូវបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការក្នុងការដោះស្រាយបញ្ហាទឹកជំនន់ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់និងកូនក្មេង៕

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន