ពិធីបុណ្យចេញវស្សា គឺជាកិច្ចដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានប្រារព្ធធ្វើឡើងបន្ទាប់ពីព្រះសង្ឃបានគង់ចាំព្រះវស្សារយៈពេលបីខែពេញ។ ពិធីនេះចាប់ផ្តើមពីថ្ងៃ ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែភទ្របទ។

ពិធីបវារណាចេញវស្សា៖ ការឆ្លុះបញ្ចាំងនិងកែលម្អខ្លួន

នៅថ្ងៃទី១៥កើត ខែភទ្របទ ព្រះសង្ឃទាំងអស់ត្រូវធ្វើពិធី "បវារណាចេញវស្សា" ដែលជាការប្រកាសខ្លួនដើម្បីឲ្យព្រះសង្ឃដទៃរិះគន់ ឬចង្អុលបង្ហាញនូវកំហុសឆ្គងដែលបានប្រព្រឹត្តក្នុងពេលចាំវស្សា។ គោលបំណងនៃពិធីនេះគឺដើម្បីឲ្យព្រះសង្ឃចេះកែខ្លួន និងកែលម្អការប្រតិបត្តិរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង។ ក្នុងពិធីនេះ ព្រះសង្ឃអាចបង្ហាញកំហុសគ្នាទៅវិញទៅមកដោយផ្អែកលើចំណុច៣យ៉ាងគឺ៖

-កំហុសដែលបានឃើញដោយផ្ទាល់។

-កំហុសដែលបានឮតៗគ្នា។

-ការសង្ស័យលើចំណុចណាមួយ។

តាមរយៈការបង្ហាញកំហុសនេះ ព្រះសង្ឃដែលបានធ្វើខុសអាចកែប្រែបានទាន់ពេល ហើយជៀសវាងកំហុសដែលនឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវព្រះធម៌របស់ខ្លួន។

សារៈសំខាន់នៃពិធីចំពោះពុទ្ធបរិស័ទ៖

ពិធីបវារណាចេញវស្សានេះ មិនត្រឹមតែជាពិធីសម្រាប់ព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែពុទ្ធបរិស័ទទូទៅក៏អាចរៀនសូត្រពីពិធីនេះបានផងដែរ។ វាជាគំរូមួយដែលជំរុញឲ្យយើងចេះបង្កើតការជួបជុំក្នុងគ្រួសារ ឬស្ថាប័នដើម្បីធ្វើការឆ្លុះបញ្ចាំង និងផ្តល់យោបល់កែលម្អគ្នាទៅវិញទៅមក។ ការសុំទោស និងការកែប្រែកំហុសឆ្គង គឺជាកត្តាសំខាន់ដែលនាំឲ្យមានការរស់នៅសុខសាន្តជាមួយគ្នា។

ប្រពៃណីបុណ្យចេញវស្សា

នៅថ្ងៃ១៥កើត ខែអស្សុជ ពុទ្ធបរិស័ទតែងប្រារព្ធពិធី បុណ្យចេញវស្សា ដើម្បីសម្តែងសេចក្តីត្រេកអរចំពោះព្រះសង្ឃដែលបានប្រតិបត្តិវិន័យបានត្រឹមត្រូវរយៈពេលបីខែ។ ពិធីនេះមានលក្ខណៈខុសគ្នាពីសម័យកាលមួយទៅសម័យកាលមួយទៀត។

-សម័យបុរាណ៖ គេធ្វើពិធីបណ្តែតប្រទីបជ្វាលា សូម្បីតែវត្តដែលមិនជាប់មាត់ទន្លេក៏អាចធ្វើពិធីនេះបានដែរ។

-សម័យបច្ចុប្បន្ន៖ ពិធីបណ្តែតប្រទីបនៅសល់តែនៅកន្លែងមួយចំនួនប៉ុណ្ណោះ ប៉ុន្តែពិធីបុណ្យចេញវស្សានៅតែត្រូវបានប្រារព្ធធ្វើឡើងនៅតាមវត្តនានាគ្រាន់តែមានលក្ខណៈតូច ធំ ឬមធ្យមទៅតាមកន្លែងរៀងៗខ្លួន។

ទំនៀមទម្លាប់ប្រពៃណីរបស់ពុទ្ធបរិស័ទ៖

បន្ថែមពីលើពិធីរបស់ព្រះសង្ឃ ពុទ្ធបរិស័ទក៏តែងប្រារព្ធពិធីបុណ្យចេញវស្សាដើម្បីសម្តែងការអបអរ និងជ្រះថ្លាចំពោះព្រះសង្ឃដែលបានបញ្ចប់ការគង់ចាំព្រះវស្សាដោយជោគជ័យ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងតាំងពីសម័យបុរាណ ដែលមានទាំងពិធីបណ្តែតប្រទីបផងដែរ។ បច្ចុប្បន្ន ពិធីបុណ្យចេញវស្សានៅតែបន្តប្រារព្ធធ្វើឡើងនៅតាមវត្តអារាមនានា ទោះបីជាពិធីបណ្តែតប្រទីបមាននៅកន្លែងខ្លះក៏ដោយ។

ពិធីបុណ្យចេញវស្សានេះមិនត្រឹមតែជាកិច្ចសាសនាមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរដែលបានបន្សល់ទុកតាំងពីបុរាណកាលមក។

អត្តបទ៖ តុប ឡៃហៀង