សំពត់ហូល គឺជាក្រណាត់មួយប្រភេទដែលតំណាងឱ្យអត្តសញ្ញាណរបស់ខ្មែរដោយត្បាញជាមួយសូត្រចងគាធជាគោមក្បាច់រចនាវិចិត្រផ្សេងៗជាច្រើនប្រភេទនៅលើផ្ទៃនៃសំពត់ហូលនេះជ្រុងគោមពេជ្រនីមួយៗបានត្បាញចេញជារូបកន្ទុយសត្វនាគពីររុំព័ទ្ធគ្នាបង្កើតបានជាខ្សែត្រង់ដ៏វែងដែលប្រជាជនខ្មែរជឿនិងគោរពថាសត្វនាគតំណាងឱ្យព្រះថែរក្សាទឹកដីនៃប្រទេសកម្ពុជា។ ដោយឡែកមានគោមផ្កាត្របកបួនដែលគេហៅថាផ្កាចន្ទន៍ជាក្បាច់ស្រស់ស្អាតជាងគេនិងតំណាងឱ្យស្ត្រីខ្មែរដោយត្បាញនៅក្នុងគោមពេជ្របង្កើតបានជាផ្ទៃសំពត់ទាំងមូល។

ហូល គឺជាប្រភេទក្រណាត់សូត្រដ៏ប្រណិតមួយរបស់ខ្មែរដែលត្រូវបានត្បាញយ៉ាងល្អិតល្អន់និងមានលក្ខណៈសម្បត្តិពិសេសៗដូចខាងក្រោមហូលត្រូវបានត្បាញដោយប្រើបច្ចេកទេសដែលជាបច្ចេកទេសជ្រលក់អំបោះសូត្រមុននឹងត្បាញ។ អ្នកត្បាញត្រូវចងនិងជ្រលក់ពណ៌ទៅលើអំបោះទទឹងទៅតាមក្បាច់ដែលបានគ្រោងទុកដើម្បីឱ្យក្បាច់ទាំងនោះលេចចេញជារូបរាងនៅពេលត្បាញរួច។ ដំណើរការនេះទាមទារភាពប៉ិនប្រសប់និងការអត់ធ្មត់ខ្ពស់។ហូលមានច្រើនប្រភេទ និងមានក្បាច់រចនាប្លែកៗគ្នា ដូចជា ហូលអន្លូញ ហូលសត្វ ហូលផ្កា ហូលពិដាន និងហូលល្បើកជាដើម។ ក្បាច់ទាំងនេះច្រើនតែមានលក្ខណៈស៊ីមេទ្រី ឬក្បាច់ដែលឆ្លុះបញ្ចាំងគ្នាទៅវិញទៅមកហើយត្រូវបានបំផុសគំនិតចេញពីធម្មជាតិ (ដូចជាផ្កា និងសត្វ) ហូលដើមភាគច្រើនត្រូវបានផលិតឡើងពីសូត្រសុទ្ធ ដែលមានគុណភាពល្អនិងទន់រលោង។ ដោយសារតែបច្ចេកទេសត្បាញដ៏ស្មុគស្មាញនិងការប្រើប្រាស់សូត្រសុទ្ធហូលខ្មែរមួយផ្ទាំងៗត្រូវការពេលវេលាផលិតយូរខែនិងមានតម្លៃខ្ពស់។ ហូលមិនត្រឹមតែជាសម្ភារៈសម្រាប់ស្លៀកពាក់ ឬតុបតែងលម្អប៉ុណ្ណោះទេប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌវប្បធម៌ខ្មែរផងដែរ។ វាត្រូវបានប្រើប្រាស់ជាសំលៀកបំពាក់ក្នុងពិធីបុណ្យប្រពៃណី ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីសាសនាផ្សេងៗដែលបង្ហាញពីភាពថ្លៃថ្នូរនិងសម្បត្តិវប្បធម៌ខ្ពស់របស់ខ្មែរ។

បច្ចុប្បន្នប្រជាជនខ្មែរនិយមស្លៀកសំពត់ហូលជាលក្ខណៈចងក្បិនឬកាត់ជាសម្លៀកបំពាក់សម្រាប់ចូលរួមពិធីបុណ្យប្រពៃណីជាតិនិងពិធីផ្លូវការរបស់រដ្ឋាភិបាលនិងអាចយកតាំងលម្អលើជញ្ជាំងក្នុងគេហដ្ឋាន។ សំពត់ហូល គឺជាសំពត់ដែលយើងស្លៀកដូចសំពត់ទូទៅប៉ុន្តែវាមានលក្ខណៈខុសគ្នាត្រង់សំពត់ហូលមានការដេរ។ ក្រោយទសវត្សឆ្នាំ៥០ និងក្រោយសង្គ្រាមលោកលើកទី២ ឥទ្ធិពលម៉ូតសម្លៀកបំពាក់បរទេសដែលដេរដោយម៉ាស៊ីនធ្វើឱ្យមានផលប៉ះពាល់នូវផលិតផលដែលធ្វើដោយដៃ ក៏ដូចជាសំពត់ដេរផ្សេងៗទៀត។ដូច្នេះហូលត្រូវបានចាត់ទុកជាសម្បត្តិសិល្បៈដ៏មានតម្លៃរបស់ខ្មែរដែលរួមបញ្ចូលគ្នានូវសោភណ្ឌភាព គុណភាព និងអត្តសញ្ញាណវប្បធម៌ជាតិ។

អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា