ខ្លែង គឺជាវត្ថុលេងកម្សាន្តម្យ៉ាងដែលអាចហោះហើរបានដោយកម្លាំងខ្យល់ទាញតាមរយៈខ្សែដែលគេចងភ្ជាប់នឹងតួរបស់វា ។​ វាត្រូវបានគេប្រើសម្រាប់លេងកម្សាន្ត ដែលភាគច្រើនគេ​តែង​បង្ហើរខ្លែង​លេង​កម្សាន្ត​ក្នុង​រដូវ​រំ​ហើយ ចាប់ផ្ដើម​រាប់​ពី​​ពាក់កណ្ដាល​ខែ​កញ្ញា ដល់​ពាក់កណ្ដាល​ខែ​ធ្នូ ហើយ​ពេល​ខ្លះ​ខ្មែរ​យើង​លេង​បន្ត​រហូត​ដល់​រដូវ​បន្ទាប់​ទៀត​គឺ​សិសិរដូវ​។ ខ្លែង​ខ្មែរ គឺមានច្រើន​ប្រភេទ​ណាស់​ ហើយការ រចនា និងការច្នៃប្រឌិតរូបរាងខ្លែងវាអាស្រ័យទៅតាមចំណូលចិត្ត របស់អ្នកភូមិស្រុកតាម តំបន់រៀងៗខ្លួន។ ចំពោះខ្លែងឯក ដើមឡើយមានឈ្មោះថាជា “ខ្លែងមេកូន ឬខ្លែងព្នង” ដែលមានតាំងពីមុនគ្រិស្តសករាជមកម្ល៉េះ ដ្បិតគេបង្កើតឡើងសម្រាប់ បង្ហើរពេលលេងនៅរដូវប្រមូលផលស្រូវ ចូលមកដល់ និងជាពេល នៃរដូវរំហើយផង ហើយការបង្ហើរខ្លែងឯកនេះជាផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។

​ខ្លែងឯក ពុំមែនចេះតែអាច​បង្ហើរ​នៅ​គ្រប់​ទីកន្លែង​នោះ​ឡើយ គេ​ត្រូវ​រក​កន្លែង ​ណា​ដែលសម​ស្រប​​ ​ពោលគឺមាន ​វាល​ធំ​ស្រឡះ​ល្អពុំមានដើមឈើដូចជាតាមវាលស្រែ​ធំៗដែលច្រូតកាត់រួច ពិសេសតាម​​ជនបទ​។ ម្យ៉ា​ង​ទៀត​ទីវាល​នោះ ត្រូវជា​កន្លែង​ដែល​មានខ្យល់​បក់​​ជាប់​ជា​ប្រចាំ ​ដើម្បី​ខ្លែង​អាច​ហោះ​បាន​ខ្ពស់​ល្អ ​ហើយបើកាលណា​ខ្លែង​ហោះ​បាន​កាន់តែ​ខ្ពស់នោះ​សំឡេង​ឯក​ក៏​លាន់ឮសាយ​ទៅ​បាន​កាន់តែ​ឆ្ងាយ។

បើតាម ជំនឿរបស់ខ្មែរតាំងពីបុរាណ  បើកាលណាបង្ហើរខ្លែងឯក ហើយខ្លែងនោះធ្លាក់ទៅលើដំបូល ផ្ទះអ្នកណា គេចាត់ថាជាការចង្រៃ ឬក៏នាំគ្រោះដល់ម្ចាស់ផ្ទះ ដោយម្ចាស់ផ្ទះតម្រូវឱ្យម្ចាស់ខ្លែងនោះរៀបចំពិធីនិមន្តព្រះសង្ឃសូត្រមន្តបញ្ជៀសនៅគ្រោះចង្រៃទាំងនោះ។ មួយវិញ ទៀតក្នុងពិធីទ្វារទសមាស ដែលជាពិធីទាក់ទងនឹងពុទ្ធសាសនា ក៏មាននិយាយពីការបង្ហើរ ខ្លែងឯកដែលគេច្រើនធ្វើនៅខែមិគសិរ។ រីឯក្នុងរជ្ជកាលព្រះអង្គឌួងទ្រង់ក៏មានប្រតិបត្តិទំនៀមទម្លាប់បង្ហើរខ្លែងឯកនេះដែរ ដើម្បីជាការគោរពបូជាចំពោះព្រះចូឡាមណីចេតិយ។

ខ្លែងឯក ដែលជាខ្លែងមួយក្នុងចំណោមប្រភេទខ្លែងខ្មែរជាង២០ប្រភេទ មានឈ្មោះល្បីល្បាញដល់ឆាកអន្តរជាតិ ដោយវាត្រូវបានយកទៅចូលរួមក្នុងមហោស្រពខ្លែងអន្តរជាតិ ចាប់ពីឆ្នាំ១៩៩៤ នៅប្រទេសជាច្រើនដូចជា បារាំង អ៊ីតាលី អង់គ្លេស ចិន ជប៉ុន កូរ៉េ ឥណ្ឌា ឥណ្ឌូណេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី និងវៀតណាមជាដើម។

លក្ខណៈសម្បត្ដិពិសេសរបស់ «ខ្លែងឯក»រួមមាន

  1. ខ្លែងឯកបំពាក់ដោយឯក ដែលជាឧបករណ៍ភ្លេង បន្លឺបានច្រើនសំឡេងយ៉ាងពីរោះពេលហោះឡើងលើអាកាស ។
  2. ការបង្ហោះខ្លែងឯកកំសាន្ដសប្បាយ គឺការបង្ហោះជាសហគមន៍ ។
  3. ពេលអ្នកស្រុកមានឱកាសបង្ហោះខ្លែង គឺបង្ហាញឱ្យដឹងថា អ្នកស្រុកមានសេរីភាព និងប្រទេសជាតិមានសន្ដិភាព ។
  4. ខ្លែងឯកតំណាងឱ្យមានមាតាខ្មែរ ឬអ្នកដឹកនាំប្រទេសខ្មែរ ។

ខ្លែងឯកជាក៏ផ្នែកមួយនៃប្រវត្តិសាស្រ្ត និងជាបេតិកភ័ណ្ឌរបស់ខ្មែរផងដែរ ប៉ុន្តែគួរអោយសោកស្តាយដែលប្រជាជនខ្មែរមួយចំនួនធំមើលរំលង និងបណ្តាមនុស្សនៅលើសកលលោកជាច្រើនមិនទាន់បានស្គាល់ ពីសមិទ្ធផលតាំងពីបុរាណកាលនេះមក។ ខ្លែងឯក ជាវត្ថុដ៏មានតម្លៃសម្រាប់អត្តសញ្ញាណជាតិខ្មែរព្រមទាំងជាតួអង្គមួយវប្បធម៌ខ្មែរដែលតែងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយកិត្តិនាមប្រទេសកម្ពុជាប៉ុន្តែវានឹងប្រឈមមុខក្នុងការបាត់បង់ប្រសិនបើយើងមើលរំលងនិងមិនយកចិត្តទុកដាក់ពីវា៕

អត្ថបទ៖ កណ្ណិការ