មន្ទីរពេទ្យបង្អែកខេត្តកោះកុងត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៦៣ ក្នុងសម័យសង្គមរាស្ត្រនិយម មន្ទីពេទ្យស្ថិតក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង។ បច្ចុប្បន្នមន្ទីរពេទ្យស្ថិតក្រោមការគ្រប់គ្រងរបស់លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ជាប្រធានមន្ទីរពេទ្យដោយមានបុគ្គលិកសរុបចំនួន៩៨នាក់។ មន្ទីរពេទ្យបង្អែកខេត្តកោះកុងត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃនិងទទួលស្គាល់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ ជាប់ចំណាត់ថ្នាក់លេខ១ (សំណុំសកម្មភាពបង្រ្គប់កម្រិត២)។

កត្តាដែលជំរុញឱ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុងទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន២ដង កន្លងមកនេះ ដោយសារហេតុផលសំខាន់ៗចំនួន៩រួមមាន៖

-ទី១ មានចក្ខុវិស័យគោលដៅ និងបេសកកម្មច្បាស់លាស់ 

-ទី២ ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព

-ទី៣ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកប ដោយប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាព

-ទី៤ មានហេដ្ឋារចនាសម្ព័ន្ធល្អនិងបរិស្ថានអនាម័យ ស្អាត 

-ទី៥ មានការអប់រំនិងលើកកម្ពស់សុខភាពដល់ប្រជាពលរដ្ឋ 

-ទី៦ សុខភាពសហគមន៍ 

-ទី៧ ការទំនាក់ទំនងល្អជាមួយអាជ្ញាធម៌គ្រប់ជាន់ថ្នាក់, 

-ទី៨ ការចូលរួមកៀគរដែគូ អភិវឌ្ឍន៍

-ទី៩ ការចូលរួម និងគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ (ថ្នាក់ជាតិថ្នាក់ខេត្ត ស្រុក ឃុំ ភូមិនិងសហគមន៍ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត) ។

ក្នុងដំណើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ព្រមទាំងគណៈប្រតិភូនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលនិងអបអរសាទរសាជាថ្មីម្តងទៀតដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុងដែលទទួលជ័យលាភីលេខ១ ក្នុងវិស័យសុខាភិបាល (CPA2) ឆ្នាំ២០២៤ ជាអង្គភាពសេវាសាធារណៈគំរូ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យលោកគ្រូ អ្នកគ្រូពេទ្យនិងបុគ្គលិកទាំងអស់ដែលបានចូលរួមបំពេញភារកិច្ច និងកំពុងបន្តរួមចំណែកក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយ គុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺបានបង្ហាញពីឆន្ទៈ មនសិការនិងឧត្ដមភាពមន្ត្រីរាជការក្នុងការបម្រើសេវាសាធារណៈបានល្អប្រសើរស្របតាមទស្សនៈនិងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការកសាងធនធានមនុស្សដ៏មានសមត្ថភាពជូនសង្គមជាតិយើងបន្តទៅអនាគត។

 

 

ប្រភព៖ ក្រសួងព័ត៌មាន