គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០ រោងចក្រសហគ្រាសដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកនាំពាក្យដដែលរូបនេះគូសបញ្ជាក់ថាកំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារនិងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា។ លោក ស៊ុន មេសា លើកឡើងថា៖ “កំណើននៃរោងចក្រដ៏ច្រើននេះ បង្ហាញពីវឌ្ឍនភាពនៃវិស័យកាត់ដេរនៅកម្ពុជានិងបង្ហាញពីសេចក្តីទុកចិត្តរបស់វិស័យឯកជន និងវិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែបន្តអនុគ្រោះទៅដល់រោងចក្រសហគ្រាសថ្មីៗជាបន្តបន្ទាប់ ក្នុងនោះក្រសួងការងារបានកាត់បន្ថយនូវសេវារបស់ខ្លួន ជិត ២០សេវា ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មរបស់វិនិយោគិន”។  បន្ថែមពីនេះអ្នកនាំពាក្យរូបនេះមានប្រសាសន៍ថានៅកម្ពុជាមិនត្រឹមតែមានលក្ខខណ្ឌការងារល្អប្រសើរនោះទេថែមទាំងសម្បូរទៅដោយកម្លាំងពលកម្មដែលមានជំនាញគ្រប់គ្រាន់ដែលជាកត្តាគួរផ្សំក្នុងការទាក់ទាញអ្នកវិនិយោគផងដែរ។

លោក ស៊ុន មេសា បន្ថែមថា៖ “យើងឃើញថាលក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរដែលធ្វើឱ្យអ្នកវិនិយោគចាប់អារម្មណ៍កាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជាបន្ថែមពីនេះគឺការចូលរួមរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលក្រសួងការងារជាសេនាធិការជូនរាជរដ្ឋាភិបាលផ្តល់នូវភាពបត់បែននូវឱកាសនៃការបណ្តុះបណ្តាលជូនបងប្អូនកម្មករកម្មការិនីគ្រប់ពេល។ យើងអាចនិយាយបានថាលក្ខខណ្ឌការងារល្អ កម្មករមានជំនាញស្ថិរភាពនយោបាយនិងការទាក់ទាញវិនិយោគិនកាន់តែសម្បូរបែបដែលធ្វើឱ្យមានការវិនិយោគជាបន្តបន្ទាប់”។ អ្នកនាំពាក្យក្រសួងការងារគូសបញ្ជាក់ថាគិតត្រឹមខែតុលា ដើមឆ្នាំ២០២៥ នេះកម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៥៧៩គម្រោង ជាមួយនឹងទុនវិនិយោគ ៩,២ពាន់លានដុល្លារអាម៉េរិកដែលនឹងផ្តល់ឱកាសការងារ ៤០ម៉ឺនកន្លែងបន្ថែមទៀតពីលើឱកាសការងារជាង ៨,២ម៉ឺនកន្លែងដែលកម្ពុជាមានស្រាប់។

 

 

ប្រភព៖ ក្រសួងព័ត៌មាន