អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលគ្រប់រូបសូមនាំកូនចៅមកចុះឈ្មោះចូលរៀននិងផ្តល់ការគាំទ្រលើកទឹកចិត្តបង្រៀនបន្ថែមតាមគ្រប់រូបភាពហើយត្រូវយកចិត្តទុកដាក់ជំរុញនិងដាស់តឿនឱ្យពួកគាត់ខិតខំរៀនសូត្រឱ្យបានគ្រប់ពេលវេលាផងដែរ។ ការថ្លែងបែបនេះក្នុងពិធីបើក បវេសនកាលថ្មីឆ្នាំសិក្សា២០២៥-២០២៦ និងទិវាដឹងគុណគ្រូបង្រៀននៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រធ្វើខ្លួនឱ្យក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អ” ត្រូវចៀសវាងការប្រព្រឹត្ត អំពើមិនគប្បីទាំងឡាយដែលជាកង្វល់ក្នុងគ្រួសារនិងសង្គមជាតិទាំងមូលពោលគឺត្រូវចងចាំថា ក្មួយៗគឺជាអ្នកកាន់កូនសោសម្រាប់បើកជោគវាសនា របស់ខ្លួននាពេលអនាគតហើយមានតែការអប់រំនិងចំណេះដឹងប៉ុណ្ណោះទេដែលអាចបើកផ្លូវឱ្យក្មួយៗទាំងអស់ទទួលបានអនាគតដ៏រុងរឿងនោះ ។ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់លោកគ្រូអ្នកគ្រូទាំងអស់ត្រូវដើរតួជាបុគ្គលនាំមុខជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៏ជាអ្នកស្រាវជ្រាវជាទីប្រឹក្សានិងជាអ្នកច្នៃប្រឌិតដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំទាំងខាងផ្នែកចំណេះដឹងទាំងវិធីសាស្ត្របង្រៀនរួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងភាសាបរទេស ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានស្នើដល់មន្ទីរអប់រំនិងគ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួនទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្តដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជាសាលាកុមារមេត្រីកម្រិតអភិវឌ្ឍន៍ជាសាលារៀនជំនាន់ថ្មីនិងជាសាលារៀនគំរូប្រកបដោយប្រសិទ្ធភាពនិងគុណភាពនិងបន្តលើកកម្ពស់សុខភាពសិក្សានិងសុខុមាលភាពលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សផងដែរ។

 

 

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម