ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូ អំឡុងការទស្សនកិច្ចដ៏សំខាន់មួយទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតធំពីរដែលជាដៃគូរបស់ក្រុមហ៊ុន Huawei រួមមានក្រុមហ៊ុន CapitalOnline និង BEDI (Electronics and Digital Intelligence)។ ការទស្សនកិច្ចនេះ មានគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីជំរុញបរិវត្តកម្មបច្ចេកវិទ្យា និងលើកកម្ពស់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងលឿន។

ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីបានសិក្សាពីសមត្ថភាពបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងប្រព័ន្ធកុំព្យូទ័រក្លោដ (Cloud Computing) ដែលក្រុមហ៊ុនទាំងពីរបានអភិវឌ្ឍន៍យ៉ាងទូលំទូលាយ។ ការច្នៃប្រឌិតទាំងនេះកំពុងក្លាយជាឧបករណ៍សំខាន់សម្រាប់ការផ្ទេរបច្ចេកវិទ្យាទៅកាន់កម្ពុជា ដើម្បីបង្កើនផលិតភាព កែលម្អប្រព័ន្ធបច្ចេកទេស និងលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចទាំងក្នុងវិស័យសាធារណៈ និងឯកជន។

ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរបានបង្ហាញពីសមត្ថភាពនៃមជ្ឈមណ្ឌលទិន្នន័យកម្រិតខ្ពស់ដែលជំរុញដោយ AI សេវាកម្មក្លោដ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រប្រសិទ្ធភាពខ្ពស់ ដែលត្រូវបានប្រើប្រាស់នៅក្នុងវិស័យជាច្រើនដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក វិស័យអប់រំ សុខាភិបាល និងផលិតកម្មជាដើម។ 

ថ្នាក់ដឹកនាំក្រុមហ៊ុន CapitalOnline និង BEDI បានបង្ហាញពីមជ្ឈមណ្ឌលទិន្នន័យកម្រិតខ្ពស់ដែលប្រើបច្ចេកវិទ្យា AI ដើម្បីគាំទ្រការដំណើរការទិន្នន័យ និងបណ្តុះគំរូ AI ធំៗ (large-scale model training)។ ប្រព័ន្ធទំនើបទាំងនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យ៖​ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អប់រំ សុខាភិបាល វិស័យផលិតកម្ម និងវិស័យឧស្សាហកម្មទំនើបផ្សេងៗ។ មជ្ឈមណ្ឌលទិន្នន័យដែលប្រើ Cloud និង AI គឺមានតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់សមត្ថភាពប្រមូល ប្រើប្រាស់ និងវិភាគទិន្នន័យឲ្យមានប្រសិទ្ធភាពខ្ពស់ ដែលអាចជួយជម្រុញការកែលម្អសេវាសាធារណៈ និងការបង្កើតនវានុវត្តន៍ថ្មីៗនៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងពីរ ឲ្យពិចារណាឱកាសវិនិយោគ និងពង្រីកសហប្រតិបត្តិការនៅកម្ពុជា។ ពិសេស លោកបានអញ្ជើញឲ្យក្រុមហ៊ុនទាំងនេះចូលរួមបង្ហាញដំណោះស្រាយបច្ចេកវិទ្យាសំខាន់ៗរបស់ខ្លួន នៅក្នុង ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ នៅខែមីនា ឆ្នាំ ២០២៦។

ក្នុងនោះ រដ្ឋមន្ត្រីបានផ្តោតសារសំខាន់លើការបង្ហាញ AI ដែលអាចប្រើបានជាក់ស្តែង យ៉ាងពិសេសត្រូវជួយឧស្សាហកម្ម ដើម្បីបង្កើនផលិតភាព កាត់បន្ថយការចំណាយ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ក្នុងសហគមន៍ និងវិស័យដទៃទៀតនៅកម្ពុជា។

ប្រភព​៖ ក្រសួងព័ត៌មាន