ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាផ្ដល់ជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារក្នុងភូមិកោះប្រាក់និងភូមិកោះប្រាក់ចាស់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្ដាលដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលនិងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលនៅទីទួលសុវត្ថិភាពក្នុងបរិវេណវត្តកោះប្រាក់ក្នុងឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាល។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមានប្រសាសន៍សំណេះសំណាល និងនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជូនចំេពោះគ្រួសាររងគ្រោះទាំងអស់ដោយក្ដីនឹករលឹកនិងអាណិតអាសូរជាពន់ពេក។ឯកឧត្តមបានបញ្ជាក់ថាកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានជានិច្ចកាលសម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនិងជនងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។

ជាមួយគ្នានេះផងដែរសម្តេចតែងបានណែនាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ចុះពិនិត្យផ្ទាល់អំពីជីវភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់មូលដ្ឋានដោយគ្មានការរើសអើងប្រកាន់ពូជសាសន៍សាសនាប្រពៃណីពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ។
នៅក្នុងឱកាសនោះដែរឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះមេត្តាប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងត្រូវថែរក្សាការពារចំពោះកុមារតូចៗនិងចាស់ជរា ដោយត្រូវរកទីទួលសុវត្ថិភាពជូនពួកគាត់ចៀសវាងខ្លាចជួបនូវគ្រោះលង់ទឹកស្លាប់ដោយយថាហេតុ។ម៉្យាងទៀតបងប្អូនត្រូវអនុវត្តនូវអនាម័យស្អាតបីប្រការគឺៈ(ការហូបស្អាតការផឹកស្អាតនិងការរស់នៅស្អាត)ប្រសិនបើបងប្អូនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននោះបញ្ហាសុខភាពរបស់ក្រុមគ្រួសារប្រាកដនឹងមានសុភមង្គលជាក់ជាពុំខាន។
អំណោយមនុស្សធម៌បានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកស៊ីអុីវ១យួរ ទឹកត្រី ១យួរ ត្រីខ ១យួរនិងថវិកាចំនួន ៥ម៉ឺនរៀលនិងមួយចំនួនទៀតប្រគេនជូនវត្តកោះប្រាក់ អង្ករ១០០គីឡូក្រាមទឹកសុទ្ធ២កេសទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរនិងបច្ច័យ៤០០,០០០រៀល។
ប្រភព៖ ក្រសួងព័ត៌មាន