ក្រោយឆ្លងកាត់ព្យុះភ្លៀងជាច្រើនសម័យកាល និងបំពេញតួនាទីជាកន្លែងចម្លងមនុស្សតាមដែនអាកាសជូនភ្ញៀវជាតិ និងអន្តរជាតិសម្រាប់កម្ពុជាអស់រយៈពេល ៦៦ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៩មក ព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបិទដំណើរការទាំងស្រុង នៅម៉ោង០០៖០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥​ ខណៈវាបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់អ្នកដំណើរទាំងជាតិ និងអន្តរជាតិ។

អ្នក​នាំពាក្យ​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់សិរិវុត្ថា បាន​លើកឡើង​ថា បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ កម្ពុជា​នឹង​ផ្ទេរ​ជើងហោះហើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង) ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ នៅ​ថ្ងៃទី​១០ ខែ​កក្កដា ។ សម្រាប់ជើងហោះហើរ​ចុងក្រោយ​គេ​បង្អស់​ជា​ប្រវត្តិសាស្ត្រ មុន​នឹង​បិទ​ដំណើរការ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុង គឺជា​ជើងហោះហើរ Korean Air។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាច្រកចូលអន្តរជាតិចម្បង និងសកម្មបំផុតរបស់ប្រទេសកម្ពុជាកាលពីពេលកន្លងមកសម្រាប់នាំចេញនាំចូលផលិតផលដល់សេដ្ឋកិច្ចកម្ពុជា និងជាកន្លងដែលបម្រើដល់រដ្ឋាភិបាល ជាមួយការទទួលបដិសណ្ឋាកិច្ចដល់ភ្ញៀវអន្តរជាតិ​ និងថ្នាក់ដឹងនាំពីបណ្តាប្រទេសនានាជុំវិញពិភពលោកផងដែរ។

គូសបញ្ជាក់ដែរថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាអាកាសយានដ្ឋានដំបូងគេនៅកម្ពុជា ដែលត្រូវបានចាប់កសាងជាលើកដំបូងដោយបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩ ដោយមានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ នៅខែតុលា ១៩៩៤ ផ្លូវរត់ឡើងចំងាយ ៣០០០ម ត្រូវបានទទួលការរ៉ាប់រង​ជួសជុលជាថ្មីឡើងវិញដោយក្រុមហ៊ុន MEADA របស់ជប៉ុន។ បន្ទាប់មកផ្លូវរត់ឡើងត្រូវបានសាងសង់បន្ថែមប្រវែង ៣៥០ម៉ែត្រ ទៀតដោយក្រុមហ៊ុនបារាំង G.T.M (Grand Travaux de Marseille) សំរាប់លទ្ធភាពចុះចតនៃយន្តហោះធុនធំដូច ATR Boeing332 Boeing337 Boeing447 ជាដើម។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​នៅថ្ងៃទី ១៥ មករា ២០០៣។

ដោយហេតុថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន មានផ្ទៃដីមានលក្ខណៈតូចចង្អៀត ទីតាំងស្ថិតចំកណ្តាលរាជធានីភ្នំពេញ និងក្នុងតំបន់ប្រតិបត្តិការអាកាសយានដ្ឋានបច្ចុប្បន្ន ពោរពេញទៅដោយសំណង់អគារខ្ពស់ៗ ដែលជាឧបសគ្គដល់សុវត្ថិភាពកិច្ចប្រតិបត្តិការហោះឡើង និងចុះចតអាកាសយានគ្រប់ប្រភេទ និងជុំវិញបរិវេណអាកាសយានដ្ឋាន ក៏ហុំព័ទ្ធដោយសំណង់លំនៅដ្ឋារបស់ប្រជាពលរដ្ឋជាច្រើនណែនណាន់តាន់តាប់ផងដែរ ដែលជាឧបសគ្គមិនអាចធ្វើការអភិវឌ្ឍពង្រីកបន្ថែមបានស្របតាមផែនការមេនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលំដាប់ 4Fឈ្មោះថា«អាកាសយានដ្ឋានអន្តរជាតិតេជោ» ត្រូវបើកដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥តទៅ។

ចាប់ពីពេលនេះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានបិទដំណើរការជាស្ថាពរមិនអាចត្រឡប់វិញបានទេ ត្រឹមតែបន្សស់ទុកនៅអនុស្សារីយ៍ និងក្តីនឹងរលឹកជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ៕

 

អត្ថបទដោយ៖ កណ្ណិការ