មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថាក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរប្រមាណជាង១២ម៉ឺននាក់ បានមកដើរលេងកំសាន្តនិងស្នាក់នៅក្នុងខេត្តបាត់ដំបង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០២៥ ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងផ្តល់របាយការណ៍លម្អិតបន្ថែមឱ្យដឹងថាចំនួនភ្ញៀវមកលេងខេត្តបាត់ដំបងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃសរុបចំនួន១២៣,៩៥៥ នាក់ គឺមានការកើនឡើង ១២.១៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានជាង១១ម៉ឺននាក់ប៉ុណ្ណោះ ។លោកបន្ថែមថាក្នុងភ្ញៀវទាំងជាង១២ម៉ឺននាក់ឆ្នាំនេះ មាន ភ្ញៀវជាតិ ១២៣,០៨០ នាក់ កើនឡើង ១២.២២ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ១០៩,៦៧៧ នាក់ និងភ្ញៀវអន្តរជាតិ ៨៧៥ នាក់ កើនឡើង ៧.៧៦ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន ៨១២ នាក់។បើតាមមន្ទីរទេសចរណ៍ខេត្តភ្ញៀវដែលមកលេងនិងស្នាក់នៅខេត្តបាត់ដំបងបានដើរកំសាន្តនៅតាមរមនីដ្ឋាននានាក្នុងខេត្តកំសាន្តតាមទីវត្តអារាមដែលរៀបចំកមកម្មវិធីដាល់អំបុកនិងមកលេងកណ្តាលក្រុងបាត់ដំបង ពិសេសតាមបណ្តោយផ្លូវលេខពីដែលមានរៀបចំមហោស្រពសិល្បៈទីក្រុងស្អាត ២០២៥ ដែលរៀបចំដោយអង្គការហ្វារពន្លឺសិល្បៈនិងរដ្ឋបាលខេត្តបាត់ដំបង ជាដើម ៕

 

 

ប្រភព៖ ក្រសួងព័ត៌មាន