នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអនុញ្ញាតឱ្យឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈការបង្កើតយន្តការបន្ថែមលើយន្តការដែលមានស្រាប់សំដៅធ្វើយ៉ាងណាសម្របសម្រួលអាជ្ញាធរថ្នាក់ក្រោមជាតិយកចិត្តទុកដាក់បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិតបានជម្រាបជូនពីលទ្ធផលនៃសកម្មភាពប្រតិបត្តិការនាពេលកន្លងទៅ។ ឯកឧត្តមសន្តិបណ្ឌិតបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិតាមរយៈការចូលរួមស៊ើបអង្កេតចែករំលែកព័ត៌មាននិងបទពិសោធន៍ ដើម្បីបង្កាទប់ស្កាត់និងស្រាវជ្រាវរកមេក្លោងនិងបណ្តាញអង្គការចាត់តាំងឱ្យបានម៉ឺងម៉ាត់។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតបានសម្តែងនូវការពេញចិត្តនិងកោតសរសើដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង។ ឯកឧត្តម ឯកអគ្គរាជទូតបានគូសបញ្ជាក់អំពីការពេញចិត្តចំពោះទំនាក់ទំនងកាន់តែជិតស្និទជាមួយកម្ពុជានិងបង្ហាញពីបំណងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជួយឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍន៍និងរឹងមាំ។ ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូតក៏មានបំណងភ្ជាប់ទំនាក់ទំនងជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការនិងការកសាងសមត្ថភាពសំដៅរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាកង្វល់រួមឱ្យកាន់មានប្រសិទ្ធភាពនិងប្រសិទ្ធផល៕

 

 

ប្រភព៖ ក្រសួងព័ត៌មាន