


ក្រុមជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម ២៣ឆ្នាំ នឹងត្រូវមានភារកិច្ចជួបក្រុមជម្រើសជាតិ U23 អូម៉ង់ នាវេលាម៉ោង ៧យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាការប្រកួតដំបូងក្នុងពូលG នៃវគ្គជម្រុះពានរង្វាន់ជើងឯកបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំទ្វីបអាស៊ី ឆ្នាំ២០២៦។
សម្រាប់កម្មវិធីបើកឆាកប្រកួតក្នុងពូលG នាថ្ងៃពុធនេះ រវាងក្រុមគោព្រៃជំទង់កម្ពុជា និងក្រុមយុវជន U23 អូម៉ង់ នឹងមានការប្រកួត ១គូទៀត រវាងក្រុមជម្រើសជាតិ U23 ប៉ាគីស្ថាន និង U23 អ៊ីរ៉ាក់ ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៤រសៀលនេះ។ ចំពោះសំបុត្រចូលទស្សនា ១សន្លឹក អាចទស្សនាបានតែ ២ប្រកួត ដោយសំបុត្រប្រភេទ A មានតម្លៃ ១២,០០០រៀល និងសំបុត្រប្រភេទB មានតម្លៃ ៦,០០០រៀល។
- គូសបញ្ជាក់ដែរថា លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិ U23 កម្ពុជាបានថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញថា លោកពិតជារីករាយ ដែលយើងអាចប្រកួតជាមួយក្រុមខ្លាំងនៅក្នុងវគ្គជម្រុះនេះ ហើយលោកក៏បានរៀបចំរួចជាស្រេចសម្រាប់ការប្រកួតថ្ងៃនេះ។លោកបានបន្ថែមថា “យើងសង្ឍឹមថានឹងមានអ្នកគាំទ្រច្រើនមកលើកទឹកចិត្តដល់កីឡាករ ហើយពួកយើងននឹងប្រឹងប្រែងយកលទ្ធផលល្អជូនអ្នកគាំទ្រកម្ពុជាទាំងអស់គ្នា’’៕
ប្រភព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា