
ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជាការពារអ្នកប្រើប្រាស់និងបង្កើនទំនុកចិត្តក្នុងទីផ្សារ។ យុទ្ធនាការនេះនឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃនិងការគាំទ្រពិសេសសម្រាប់ទាំងអ្នកផលិតក្នុងស្រុកនិងក្រុមហ៊ុននាំចូលផលិតផល។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ២ ពាន់នាក់ រួមទាំងសហគ្រាសផលិតក្នុងស្រុកចំនួន១៩ ក្រុមហ៊ុននាំចូលចំនួន៦ ក្រុមហ៊ុនដំឡើងរថយន្តចំនួន៣ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន។
ក្នុងយុទ្ធនាការនេះសហគ្រាសផលិតនិងក្រុមហ៊ុននាំចូលដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយនឹងទទួលបានការលើកទឹកចិត្តពិសេសគឺការបញ្ចុះតម្លៃ ១០% សម្រាប់ការចុះបញ្ជីផលិតផលពី ៥-១៩ មុខ, ១៥% សម្រាប់ការចុះបញ្ជីផលិតផលពី ២០-៤៩ និង ២០% សម្រាប់ការចុះបញ្ជីផលិតផលលើសពី៥០មុខក្នុងពេលតែមួយ។ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “ការចុះបញ្ជីផលិតផលមិនមែនជាការងារថ្មីឬបន្ទុកបន្ថែមសម្រាប់អាជីវកម្មទេប៉ុន្តែយុទ្ធនាការនេះកើតចេញពីឆន្ទៈក្នុងការកែលម្អសេវានិងការគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដរបស់ក្រសួង។ យុទ្ធនាការពេលនេះគឺទាន់ពេលត្រូវកាលៈទេសៈនិងឆ្លើយតបផ្ទាល់ទៅនឹងកង្វល់និងសំណូមពររបស់ទីផ្សារទាំងអ្នកផលិតនិងអ្នកប្រើប្រាស់ក៏ដូចជាការវិវត្តនៃសភាពការណ៍ពាណិជ្ជកម្ម។” ការចុះបញ្ជីផលិតផលគឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល។ សម្រាប់អ្នកប្រើប្រាស់ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាពនិងលទ្ធភាពស្វែងរកប្រភពទំនិញនិងម្ចាស់ស្របច្បាប់របស់ផលិតផល។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វិទ្យាស្ថានស្តង់ដារកម្ពុជាបានចុះបញ្ជីផលិតផលចំនួន ៩.៥៣៥ ដែលជាចំនួនតិចនៅឡើយបើធៀបនឹងចំនួនផលិតផលដែលកំពុងចរាចរនៅលើទីផ្សារហើយក្រសួងកំពុងរៀបចំយន្តការបន្ថែមដោយសម្រួលនីតិវិធីនិងកាត់បន្ថយចំណាយដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនពីអ្នកផលិតនិងអ្នកនាំចូលទំនិញ។
ជាផ្នែកមួយនៃកំណែទម្រង់នេះក្រសួងបានសម្រួលនីតិវិធីដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំ និងកាត់បន្ថយរយៈពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. មកនៅត្រឹម៥ថ្ងៃនៃថ្ងៃធ្វើការក្នុងករណីដែលមានសំណុំឯកសារត្រឹមត្រូវគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ ពាក្សស្នើសុំតែមួយអាចប្រើប្រាស់សម្រាប់ការចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយហើយអាជ្ញាបណ្ណ ច.ប.ផ. មានសុពលភាពរយៈពេល៣ឆ្នាំ។ អ្នកផលិតនិងអ្នកនាំចូលក៏មានជម្រើសក្នុងការយកផលិតផលរបស់ខ្លួនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយខ្លួនឯងសម្រាប់ភ្ជាប់ជាមួយពាក្យស្នើសុំដោយមិនចាំបាច់ធ្វើតេស្តតាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជាឡើយ សម្រាប់យុទ្ធនាការនេះក្រសួងបានចាត់វិទ្យាស្ថានស្តង់ដារកម្ពុជាឱ្យរៀបចំក្រុមការងារពិសេស ដើម្បីផ្តល់ប្រឹក្សានិងការណែនាំបច្ចេកទេសសម្រាប់វិស័យឯកជន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “យើងខ្ញុំលើកទឹកចិត្តឱ្យអ្នកផលិតនិងអ្នកនាំចូលដាក់ពាក្យដោយផ្ទាល់មកវិទ្យាស្ថានស្តង់ដារកម្ពុជានិងកាត់បន្ថយការប្រើសេវាអ្នករត់ការដែលអាចនាំឱ្យការចំណាយលើការចុះបញ្ជីផលិតផលកើនឡើងខ្ពស់។"
ឯកឧត្តមក៏បានអំពាវនាវដល់អ្នកផលិតនិងអ្នកនាំចូលទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវសុចរិតភាពតម្លាភាពនិងទំនួលខុសត្រូវក្នុងប្រតិបត្តិការអាជីវកម្មតាមរយៈការចុះបញ្ជីផលិតផលដោយលើកឡើងថាគុណតម្លៃទាំងនេះគឺជាមូលដ្ឋានសំខាន់សម្រាប់ជោគជ័យរយៈពេលវែងរបស់អាជីវកម្មនិងការអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអតិថិជនប្រើប្រាស់អំណាចទិញរបស់ខ្លួនដើម្បីជំរុញឱ្យអ្នកផលិតនិងអ្នកនាំចូលប្រកាន់គោលការណ៍ដូចគ្នាតាមរយៈការទិញនិងប្រើប្រាស់តែផលិតផលដែលបានចុះបញ្ជីត្រឹមត្រូវ។ កន្លងមកក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានផ្សព្វផ្សាយបញ្ជី ច.ប.ផ. នៅលើគេហទំព័ររបស់ខ្លួនដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់និងអ្នកចែកចាយងាយស្រួលផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃផលិតផល ឌីជីថលូបនីយកម្មនៃសេវាសាធារណៈរបស់ក្រសួងនឹងរួមបញ្ចូលប្រព័ន្ធចុះបញ្ជីផលិតផលអនឡាញពេញលេញក្នុងឆ្នាំ២០២៦ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយឯកសារតម្រូវនិងការជួបផ្ទាល់ដែលនឹងធ្វើឱ្យដំណើរការស្នើសុំអាជ្ញបណ្ណ ច.ប.ផ. កាន់តែឆាប់រហ័សមានតម្លាភាពនិងកាត់បន្ថយការពឹងផ្អែកលើសេវាអ្នករត់ការ៕
ប្រភព៖ ក្រសួងព័ត៌មាន