
ជនសង្ស័យចំនួន១៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាបក្រោមការសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំប្រតិបត្តិការនេះនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យហើយឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោកបន្ទាប់ពីក្រុមនេះទើបតែមកស្នាក់នៅក្នុងខេត្តសៀមរាបបានរយ:ពេលប្រហែល០២សប្តាហ៍ត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពទំនាក់ទំនងអតិថិជនវិនិយោគទិញភាគហ៊ុនដោយមានគោលដៅទៅប្រទេសផ្សេងៗ។ ក្នុងចំណោមជនសង្ស័យទាំង១៩នាក់ មានជនជាតិបង់ក្លាដែស ចំនួន១៦នាក់និងនេប៉ាល់ចំនួន០៣នាក់ ។
ជាមួយគ្នានេះសមត្ថកិច្ច ក៏បានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូរចំនួន៨គ្រឿង (កុំព្យូទ័រលើតុ៧គ្រឿង-កុំព្យូទ័រយួរដៃ១គ្រឿង) និងទូរសព្ទដៃ ចំនួន៣៥គ្រឿង។ ក្រោយការបង្រ្កាបនេះសមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធក្នុងការបន្តស្រាវជ្រាវបន្ថែមទៀតដើម្បីឈានទៅវែកមុខនិងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះខណៈជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះសមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដោយគ្មានការលើកលែងឡើយ។
ប្រភព៖ ក្រសួងព័ត៌មាន