ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំរដ្ឋសភានិងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានដឹកនាំមន្រ្តីជាន់ខ្ពស់រដ្ឋសភាចូលរួមសិក្ខាអន្តរជាតិស្តីពីសេវាស្រាវជ្រាវសភានៅសាធារណរដ្ឋកូរ៉េ។ សិក្ខាសាលានេះប្រារព្ធធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១និង២២ខែតុលាឆ្នាំ២០២៥ ដោយមានវាគ្មិនសំខាន់ៗ អញ្ជើញមកថ្លែងសន្ទរកថានិងចែករំលែកបំបទពិសោធន៍នៅក្នុងមានឯកឧត្តមអនុប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េផងដែរ។

សិក្ខាសាលាអន្តរជាតិនេះមានប្រតិភូចូលរួមមកពី ១៧ប្រទេសដើម្បីពិភាក្សាលើប្រធានបទចំនួន២គឺ៖ 

១. «និន្នាការនីតិប្បញ្ញត្តិនិងគោលនយោបាយឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ» និង 

២. «តួនាទីរបស់សភាក្នុងការកាត់បន្ថយវិសមភាព» ។

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ មានជំនឿមុតមាំថាតាមរយៈការចូលរួមសិក្ខសាលានេះមន្រ្តីជាន់ខ្ពស់រដ្ឋសភា នឹងទទួលបានបទពិសោធន៍និងចំណេះដឹងថ្មីៗបន្ថែមលើអ្វីដែលខ្លួនបានអនុវត្តក្នុងការពង្រឹងការយល់ដឹងកាន់តែទូលំទូលាយថែមទៀតលើកកម្ពស់ការងារស្រាវជ្រាវជូនរដ្ឋសភាកាន់តែទូលំទូលាយផ្តល់សេវាជូនសមាជិករដ្ឋសភាកាន់តែមានប្រសិទ្ធភាពនៅក្នុងការឆ្លើយតបបញ្ហារបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត បានកត់សម្គាល់ថា សិក្ខាសាលាអន្តរជាតិនេះមានសារៈសំខាន់លើសពីការចែករំលែកបទពិសោធន៍និងការទទួលបានចំណេះដឹងលើការងារស្រាវជ្រាវទៅទៀត។ សិក្ខាសាលានេះក៏ជាឱកាសនៃការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។ អំឡុងពេលចូលរួមសិក្ខាសាលានេះឯកឧត្តមបណ្ឌិត បានជួបប្រាស្រ័យទាក់ទងពិភាក្សាការងារពង្រឹងទំនាក់ទំនាក់ជាមួយគណៈប្រតិភូមកពីប្រទេសជាច្រើន។

 

សូមជម្រាបថាសិក្ខាសាលាអន្តរជាតិសេវាស្រាវជ្រាវសភាបានបើកដំណើរការតំាងពីឆ្នាំ២០១០មកជាវេទិកាសកលដែលស្ថាប័នស្រាវជ្រាវសភាមកពីជុំវិញពិភពលោកដើម្បីចែករំលែកចំណេះដឹងជំនាញនិងពង្រឹងសមត្ថភាពលើវិស័យនីតិប្បញ្ញត្តិ។ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍និងទស្សនៈសិក្ខាសាលាបន្តលើកកម្ពស់ការយល់ដឹងនិងកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវរបស់សភាផងដែរ។

 

 

ប្រភព៖ ក្រសួងព័ត៌មាន