
រាជធានីរីយ៉ាដ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) ដែលប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គដោយបានគូសបញ្ជាក់ជូនមហាសន្និបាតនូវកត្តាសុខសន្តិភាពស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរដែលកម្ពុជាកំពុងមាននិងត្រូវបានធានាយ៉ាងពេញលេញស្របតាមពាក្យស្លោករបស់សម្តេចធិបតី “ទេសចរណ៍រីកដុះដាលក្នុងសន្តិភាព”។
ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបបេតិកភណ្ឌពេញផ្ទៃប្រទេសដូចជាប្រាសាទអង្គរវត្តវប្បធម៌ប្រពៃណីដ៏ចំណាស់ទេសភាពដ៏ស្រស់ស្អាតគ្រប់រដូវកាលបដិសណ្ឋារកិច្ចដ៏កក់ក្តៅជាមួយស្នាមញញឹមដ៏ល្បីល្បាញ "ស្នាមញញឹមកម្ពុជា"។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនមហាសន្និបាតអំពីការរៀបចំកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខនៅខេត្តសៀមរាបដោយឯកឧត្តមរដ្ឋមន្រ្តីក៏បានអញ្ជើញមហាសន្និបាតមកទស្សនាប្រទេសកម្ពុជាដើម្បីស្វែងយល់ពីវប្បធម៌និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាផងដែរ។
ប្រភព៖ ក្រសួងព័ត៌មាន