លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី៤ខែតុលានេះបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីប្រគល់ពានរង្វាន់មេដាយមាសវិញ្ញាបនបត្របញ្ជាក់ការសិក្សានិងលិខិតសរសើរ ដល់សិស្ស UCMAS (យូស៊ីម៉ាស)សាខាកៀនស្វាយផ្លាហ្សានិងសាខាឬស្សីកែវ។

ពិធីនេះរៀបចំធ្វើឡើងនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ លោកបណ្ឌិត Chris Chew ( គ្រីស ឈីវ) នាយកប្រិតបត្តិយូស៊ីម៉ាសអន្តរជាតិ លោក ងន់ ច័ន្ទរ៉ា នាយកយូស៊ីម៉ាសសាខាកៀនស្វាយផ្លាហ្សានៃសាលារៀនបញ្ញវន្តកម្ពុជា និង លោក រឿន ចន្ថា ម្ចាស់អាជ្ញាប័ណ្ណ យូស៊ីម៉ាស់សាខាឫស្សីកែវនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិមែនន័រសិស្សានុសិស្សអាណាព្យាបាលនិងអ្នកពាក់ព័ន្ធមួយចំនួនទៀតសរុបប្រមាណ១,៧០០នាក់។

សិស្សានុសិស្សជ័យលាភីមានចំនួន ៥០០នាក់ ក្នុងនោះសិស្ស ៧នាក់ឈ្នះបានពានរង្វាន់ ១៣នាក់ឈ្នះមេដាយមាសនិង៤៨០នាក់ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សានិងលិខិតសរសើរ។ក្នុងចំណោមសិស្ស៧នាក់ដែលទទួលបានពានរង្វាន់នោះក៍មានកុមារ៉ា ហ៊ុន ពេជមុន្នីឬទ្ធិសិទ្ធិកូនប្រុសពៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីកម្ពុជានិងលោកបណ្ឌិតពេជ ចន្ទមុន្នីហ៊ុនម៉ាណែត។

កន្លងទៅកុមារា ហ៊ុន ពេជមុនី្នឬទិ្ធសិទិ្ធ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ធ្លាប់ទទួលបានមេដាយ និងពានរង្វាន់មួយចំនួនទៀតទាក់ទងនឹងការគិតលេខរហ័សដែលក្នុងនោះមានដូចជា៖ចំណាត់ថ្នាក់លេខ១ការប្រលងគណិតវិទ្យាអន្តរជាតិCaribou( ខារីប៊ូ)ដែលមានអ្នកចូលរួមរាប់ពាន់អ្នកជុំវិញពិភពលោកមេដាយមាសលេខរៀងទី១ក្នុងថ្នាក់និងមេដាយមាសលេខរៀងទី៦ក្នុងចំណោមបេក្ខជន២៧ប្រទេសក្នុងការប្រឡងកម្រិតអន្តរជាតិនៃការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរីវគ្គផ្តាច់ព្រ័ត្រនិងទទួលបានពានរង្វាន់ និងមេដាយមួយចំនួនទៀតទាំងថ្នាក់ជាតិនិងអន្តរជាតិ។

ក្នុងឱកាសនោះដែរលោកបណ្ឌិត Chris Chew (គ្រីស ឈីវ) ក៏បានជម្រាបទៅគណៈអធិបតីភ្ញៀវកក្តិយសនិង អង្គពិធីទាំងមូលថាUCMAS (យូស៊ីំម៉ាស)ជាកម្មវិធីអភិវឌ្ឍន៍ខួរក្បាលដែលឈានមុខគេនឹងបានបង្តើតតាំងពីឆ្នាំ 1993 ដែលមាន6000 សាខាក្នុង80ប្រទេសទូរទាំងពិភពលោក។ UCMAS ត្រូវបានបង្រៀនដោយប្រើប្រាស់ម្រាមដៃទាំង 6 ជាមួយឧបករណ៍Abacus ( អាបាខើស)ជួយសិស្សឱ្យអភិវឌ្ឍន៍ការផ្តោតអារម្មណ៍ច្បាស់និងមានឥទ្ធិពលលើការចងចាំនិងការផ្តោតអារម្មណ៍របស់កុមារអាយុចន្លោះពី4ទៅ12 ឆ្នាំដោយពួកគេផ្តោតការយកចិត្តទុកដាក់កាន់តែខ្ពស់លើមេរៀន និងការសិក្សារបស់ពួកគេ។

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន