នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជាផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ជាមួយគ្នានេះដែរ ការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេចយ៍ ជី ភី អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំងជាច្រកផ្លូវដែលនាំឱ្យកុមារនិងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេមានភាពញៀន នឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើននៃជំងឺមិនឆ្លងនៅក្នុងសង្គម។

រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជានេះ ក្នុងគោលបំណងទប់ស្កាត់ បង្គារ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ ដែលមានខ្លឹមសារដូចខាងក្រោម៖

១.  ហាមឃាត់ការនាំចូល ការលក់ ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការផលិត ការស្តុកទុក និងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។

២.  ក្រសួងពាក់ព័ន្ធ (មហាផ្ទៃ សេដ្ឋកិច្ច ពាណិជ្ជកម្ម ព័ត៌មាន ប្រៃសណីយ៍ និងទូរគមនាគមន៍) ត្រូវទប់ស្កាត់ការនាំចូល និងការចែកចាយឧបករណ៍ និងសារធាតុនេះ។

៣.  ក្រសួងសុខាភិបាល ត្រូវផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់នៃការប្រើប្រាស់។

៤.  ក្រសួងអប់រំ យុវជន និងកីឡា ត្រូវហាមឃាត់ការប្រើប្រាស់ក្នុងបរិវេណសាលា និងកន្លែងកីឡា។

៥.  គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលត្រូវអប់រំ បង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងការលក់ឧបករណ៍ និងសារធាតុនេះ។

៦.  ត្រូវត្រួតពិនិត្យមន្ត្រីរាជការ ប៉ូលិស យោធា និងមន្ត្រីកិច្ចសន្យាមិនឲ្យប្រើ ឬពាក់ព័ន្ធនឹងស៊ីស្សា និងឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់។

៧.  បុគ្គលដែលប្រើ ឬកាន់កាប់ឧបករណ៍ត្រូវបានព្រមាន និងដកហូតឧបករណ៍។ ករណីមិនរាងចាល ត្រូវធ្វើកិច្ចសន្យាឈប់ប្រើប្រាស់។

៨.  អាជ្ញាធរត្រូវព្រមាន ដកហូត និងព្យួរអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រអាជីវកម្មចំពោះអ្នកលក់ ឬផលិតឧបករណ៍និងសារធាតុនេះ។

៩.  ត្រូវដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រីរាជការ ឬយោធាដែលប្រើ ឬពាក់ព័ន្ធនឹងស៊ីស្សា និងឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់។

រាជរដ្ឋាភិបាលក៏បានគូសបញ្ជាបន្ថែមទៀតថា  គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់៕

 

ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា