ឧទ្យានជាតិ ជាតំបន់ដែលកំនត់ដោយព្រះរាជក្រិត្យទុកសំរាប់ការពារដែនធម្មជាតិ និង ទស្សនីយភាព ដើម្បីបំរើអោយវិទ្យាសាស្ត្រ អប់រំ និងទេសចរណ៍។ ក្រៅពីឧទ្យានជាតិ កម្ពុជានៅមានតំបន់អភិរក្សធម្មជាតិផ្សេងៗ ដែលអាចត្រូវបានប្រើប្រាស់ក្នុងគោលដៅផ្សេងទៀត ដែលមិនប៉ះពាល់ដល់បរិស្ថានតំបន់នោះ។ តំបន់ទាំងនោះចែកចេញជា តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង និង ដែនជំរកសត្វព្រៃ។
ឧទ្យានជាតិដែលត្រូវបានចុះព្រះរាជក្រឹត្យជាឧទ្យានជាតិរបស់កម្ពុជាមានចំនួន១១រួមមាន៖
១.ឧទ្យានជាតិសមុទ្រកោះរុង

ឧទ្យានជាតិសមុទ្រកោះរុង មានទីតាំងភូមិសាស្ត្រក្នុងខេត្តព្រះសីហនុ។ វាគឺផ្តល់នូវភាពអស្ចារ្យតំណាងឲ្យឆ្នេរស្ថិតនៅភាគបស្ចឹមនៃប្រទេស ដែលលាតសន្ធឹងប្រមាណប្រាំគីឡូម៉ែត្រ។កោះរុងមមានផ្ទៃដីទំហំ ៧៨គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ។ ចំណុចចខ្ពស់បំផុតរបស់កោះមានកំពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ឧទ្យានជាតិមួយនេះគឺជាគោលដៅទេសចរណ៍ដែលកំពុងពេញនិយមសម្រាប់អ្នកដែលចង់លំហែរកាយតាមកោះនៃប្រទេសកម្ពុជា និងជាកន្លែងដ៏ល្អមួយដើម្បីបន្ធូរអារម្មណ៍ ឬរុករកពីព្រោះកោះនេះនៅតែត្រូវបានបោះបង់ចោលមិនមានការអភិវឌ្ឍន៍ និងមានធម្មជាតិ។ ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាឧទ្យានជាតិរបស់កម្ពុជានៅ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦។
២.ឧទ្យានជាតិវីរៈជ័យ
ឧទ្យានជាតិវិរៈជ័យមានទីតាំងនៅភាគឦសានប្រទេសកម្ពុជាលាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង ។ ឧទ្យាននេះមានព្រំប្រទល់ជាប់ប្រទេសលាវ និង វៀតណាមហើយមានផ្ទៃក្រឡា ៣.៣២៥ គីឡូម៉ែត្រក្រឡា និង ស្ថិតនៅភាគនិរតីនៃប្រជុំជួរភ្នំអាណោម។ ឧទ្យានជសតិត្រូវបានចាត់ទុជាជម្រកមួយសម្រាប់ពពួកថនិកសត្វធំៗរបស់ប្រទេសកម្ពុជា។ ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាឧទ្យានជាតិរបស់កម្ពុជានៅ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣។

៣.ឧទ្យានជាតិជួរភ្នំក្រវ៉ាញ
ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលជាតំបន់សក្តានុពលពិសេសសម្រាប់អ្នកទេសចរបែបផ្សងព្រេងគួរតែសាកល្បង ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងខេត្តចំនួនបីគឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។ តំបន់ដែលមានចំងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំង មានទឹកធ្លាក់ស្រស់ស្អាត សត្វព្រៃជាច្រើនប្រភេទដែលរួមមានក្រពើភ្នំ ទេសភាពតាមព្រៃភ្នំដ៏គួរឱ្យទាក់ទាញ និងក្រវាញ រួមទាំងការកែច្នៃស្រាចេកជាដើម។ ត្រូវបានចុះជា ព្រះរាជក្រឹត្យជាឧទ្យានជាតិរបស់កម្ពុជានៅ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦ ។

៤. ឧទ្យានជាតិកែប
ឧទ្យានជាតិកែបមានទីតាំងស្ថិតនៅក្នុងដែនដីនៃ ខេត្តកែប ដែលមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ពីទីក្រុងកំពត ហើយមានចម្ងាយ ១៧៣ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលឧទ្យានជាតិនេះមានផ្ទៃដី ៥.០០០ ហិកតា។ ត្រូវបានចុះជាព្រះរាជក្រឹត្យជាឧទ្យានជាតិរបស់កម្ពុជានៅ ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០០៣។

៥. ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង
ឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាង ជាទីកន្លែងមួយដែលអ្នកទេសចរអាចមើល ឃើញសត្វទោចថ្ពាល់លឿងបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាសត្វដ៏កម្រមាននៅលើពិភពលោកនេះ។វាមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងខេត្តចំនួនពីរគឺ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាងលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥៧ ៤៦៩ហិកតា និងត្រូវបានចុះជាព្រះរាជក្រឹត្យជាឧទ្យានជាតិរបស់កម្ពុជានៅ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦។

៦. ឧទ្យានជាតិសុរាម្រិត-កុសមៈ
ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ ស្ថិតនៅក្នុង ភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឧទ្យានជាតិគីរីរម្យលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា និងត្រូវបានចុះជាព្រះរាជក្រឹត្យជាឧទ្យានជាតិរបស់កម្ពុជានៅ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០។

៧. ឧទ្យានជាតិព្រះមុនីវង្ស
មានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងខេត្តចំនួនពីរគឺខេត្តកំពត និងខេត្តព្រះសីហនុ។ ឧទ្យានជាតិព្រះមុនីវង្ស(បូកគោ) លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៥៤ ៤៥៨ហិកតា និងត្រូវបានចុះជាព្រះរាជក្រឹត្យជាឧទ្យានជាតិរបស់កម្ពុជានៅ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០។

៨. ឧទ្យានជាតិអូយ៉ាដាវ
មានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងខេត្តរតនៈគិរី លាតសន្ធឹងលើផ្ទៃដីប្រមាណ ១០១ ៣៤៨ហិកតា និងត្រូវបានចុះជាព្រះរាជក្រឹត្យជាឧទ្យានជាតិរបស់កម្ពុជានៅ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦។

៩. ឧទ្យានជាតិព្រះសីហនុ
មានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងខេត្តព្រះសីហនុ លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៥ ០០០ហិកតា និងត្រូវបានចុះជាព្រះរាជក្រឹត្យជាឧទ្យានជាតិរបស់កម្ពុជានៅ ថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ១៩៩៣។

១០. ឧទ្យានជាតិបុទុមសាគរ
មានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងខេត្តកោះកុង លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៧១ ២៥០ហិកតា និងត្រូវបានចុះជាព្រះរាជក្រឹត្យជាឧទ្យានជាតិរបស់កម្ពុជានៅ ថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ១៩៩៣។

១១. ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម(ភ្នំគូលែន)
មានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងខេត្តសៀមរាប លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣៧ ៥០០ហិកតា និងត្រូវបានចុះជាព្រះរាជក្រឹត្យជាឧទ្យានជាតិរបស់កម្ពុជានៅ ថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ១៩៩៣៕

អត្ថបទ៖ កណ្ណិការ