ទឹកក៏មាននាទីសំខាន់ផងដែរក្នុងការជួយបញ្ជូនអុកស៊ីសែនពីសួតទៅក្នុងរាងកាយ។ ទឹកដែលមាននៅក្នុងមាត់ ឬហៅថាទឹកមាត់មាននាទីជួយឲ្យអណ្តាតដឹងរសអាហារនិងជួយធ្វើឲ្យអាហារម៉ត់ល្អពេលដែលយើងទំពាអាហារ។ ទឹកមួយផ្នែកជំរុញសារធាតុពុលឲ្យចេញមកក្រៅដែលយើងហៅថាទឹកនោម។ ទឹកគឺជាចំណែកមួយយ៉ាងសំខាន់នៃរាងកាយមនុស្ស។

ទឹកអាចជួយធ្វើឲ្យស្បែកស្រស់ថ្លាភ្លឺរលោងមានជាតិសំណើមគ្មានស្នាមអុជខ្មៅមិនឆាប់ចាស់និងលាងសម្អាតជាតិពុលចេញពីក្នុងរាងកាយ។ ទឹកជាសារធាតុរាវល្អដែលជួយចិញ្ចឹមកោសិកានិងជួយទ្រទ្រង់រាងកាយឲ្យបានរឹងមាំល្អ ព្រមទាំងមានសកម្មភាពរស់រវើក។ ទឹកក៏អាចជួយថែរក្សាតុល្យភាពសារធាតុរ៉ែមួយចំនួននៅក្នុងរាងកាយយើងដូចជាអេលីតត្រូលីត(សូដ្យូម ក្លរីត ប៉ូតាស្យូម) ជាដើម។ គ្រាន់តែផឹកទឹកអាចជួយបន្សាបជាតិពុលក្នុងពោះវៀនជួយសម្រួលដល់ការបន្ទោបង់ និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារឲ្យមានដំណើរការល្អ។
ជួយពង្រាវឈាម ដូចនេះហើយបានជាមុនពេលបូមឈាម ពេទ្យតម្រូវឲ្យញ៉ាំទឹកឲ្យបានច្រើន ដើម្បីកុំឲ្យឈាមខាប់ ហើយឈាមរត់បានស្រួល។ ទឹកជួយឲ្យយើងមានអារម្មណ៍ល្អ ព្រមទាំងជំនួយដល់ខួរក្បាលឲ្យមានដំណើរការបានឆាប់រហ័ស និងចងចាំបានល្អ មិនងាយភ្លេចភ្លាំង។
ទឹកជួយទ្រទ្រង់សន្លាក់ និងឆ្អឹង បើយើងផឹកទឹកបានគ្រប់គ្រាន់អាចការពារមិនឲ្យឈឺឆ្អឹងឆ្អែងពេលអង្គុយយូរ ឬពេលឱនងើបចុះឡើង ព្រមទាំងជួយបង្កើនសាច់ដុំឲ្យមានភាពរឹងមាំ។ មិនបង្កឲ្យមានបញ្ហាឈឺបំពង់ក និងពងបែកក្នុងមាត់។ ក្រោកពីគេងភ្លាម ផឹកទឹកជួយដុតបំផ្លាញជាតិខ្លាញ់ ស្រូបយកជាតិពុលនិងជាតិគីមីនៅក្នុងអាហារ។
លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ក្នុងមួយថ្ងៃគួរតែផឹកទឹកយ៉ាងតិចណាស់ ២ លីត្រ ឬយ៉ាងហោចណាស់ ១២ កែវ ដើម្បីបំបាត់ការស្រេក និងផ្គត់ផ្គង់រាងកាយ ហើយគួរតែផឹកទឹកសឲ្យបានច្រើនជាងភេសជ្ជៈផ្អែមដទៃ ជាពិសេសពេលរដូវក្ដៅត្រូវផឹកទឹកកាន់តែច្រើន ទើបអាចទប់ទល់នឹងអាកាសធាតុបាន។
អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា