
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជានេសាទរស់នៅកោះពោធិ៍ក្នុងទឹកដីខេត្តកែបបានប្រគល់អណ្តើកសមុទ្រ (ល្មិច) ចំនួន ២ក្បាលមកឱ្យកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែបតាមរយៈស្នាក់ការសន្តិសុខលម្ហសមុទ្រប្រចាំកោះពោធិ៍ដោយអណ្តើកទាំងនេះត្រូវបានកឹបស្លាកលេខមុននឹងព្រលែងចូលសមុទ្រវិញ ។
ការព្រលែងអណ្តើកចូលសមុទ្រវិញនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែបនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
បើតាមការបញ្ជាក់ពីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកែប អណ្តើកសមុទ្រទី១ ជាអណ្តើកញីមាន ទម្ងន់ ៦០គីឡូក្រាម បណ្ដោយប្រវែង ៧១សង់ទីម៉ែត្រ ទទឹងប្រវែង ៣៨សង់ទីម៉ែត្រ បានកឹបស្លាកលេខ KH 2088 និងអណ្ដើកសមុទ្រទី២ ជាអណ្តើកឈ្មោល មានទម្ងន់ ១៤គីឡួក្រាម បណ្ដោយប្រវែង ៥១សង់ទីម៉ែត្រ ទទឹងប្រវែង ៤៨សង់ទីម៉ែត្រ បានកឹបស្លាកលេខ KH 2089។
សូមជម្រាបដែរថា មួយរយ:ចុងក្រោយនេះ អ្នកនេសាទតែងតែប្រទះនិងចាប់បានដោយចៃដន្យនូវពពួកសត្វសមុទ្រកម្រៗជាច្រើនប្រភេទនិងបានប្រគល់ជូនកម្លាំងជំនាញដើម្បីលែងចូលក្នុងសមុទ្រវិញដែលនេះសបញ្ជាក់ពីការយល់ដឹងរបស់ប្រជានេសាទខេត្តកែបផ្ទាល់និងស្មារតីក្នុងការចូលរួមអភិរក្សធនធានសមុទ្រកម្រជាមួយអាជ្ញាធរខេត្ត។
ប្រភព៖ ក្រសួងព័ត៌មាន