ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានលើកឡើងថារយៈពេលជាង២ឆ្នាំមកនេះក្នុងនីតិកាលទី៧ នៃរដ្ឋសភាកម្ពុជាបានបណ្ដេញចេញនូវជនបរទេសពាក់ព័ន្ធបទល្មើសអនឡាញជាង ១៥០០០នាក់ រួចទៅហើយ ។ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងការសម្អាតប្រាក់។នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងរំលឹកថាកាលពីអាណត្តិទី៦កម្ពុជាក៏បានបណ្ដេញចេញនូវបរទេសពាក់ព័ន្ធបទល្មើសអនឡាញជាង ២១០០០នាក់ក្នុងមួយអាណត្តិ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជាមានប្រសាសន៍ថា «ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីព្រមទាំងសម្ដេចក្រឡាហោម ស ខេង យើងបានបណ្ដេញចេញជនបរទេសដែលពាក់ព័ន្ធអនឡាញប្រមាណជាង ២១០០០នាក់ ក្នុងមួយអាណត្តិ ។ ដោយឡែក ក្នុងនីតិកាលទី៧ នេះ គិតត្រឹមជាង ២ឆ្នាំនៃដើមអាណត្តិទី៧នេះយើងបានបណ្ដេញចេញប្រមាណជាង ១៥០០០នាក់រួចទៅហើយ»។ លើសពីនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បន្ដថាការបណ្ដេញជនបរទេសទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញថារាជរដ្ឋាភិបាល នីតិកាលទី៧បានយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការងារបទល្មើសអនឡាញ។ ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដទៀតថាកិច្ចការងារបង្ក្រាបបទល្មើសអនឡាញមិនមែនតែកម្ពុជាម្នាក់ឯងទទួលខុសត្រូវនោះទេដូច្នេះឯកឧត្តមអភិសន្ដិបណ្ឌិតបានស្នើដល់បណ្ដាប្រទេសនានាស្វែងយល់ពីគ្នាទៅវិញទៅមកដើម្បីរួមបង្ក្រាបបទល្មើសអនឡាញ ។ បើតាមឯកឧត្តមឧបនាយករដ្ឋមន្ដ្រីការវិវត្តន៍នៃការឆបោកបទល្មើសអនឡាញមានភាពជឿនលឿនបើធៀបនឹង ៥ឆ្នាំមុនគឺមានលក្ខណៈខុសគ្នា ។ ការឆបោកបទល្មើសអនឡាញសម្រាប់ប្រទេសកម្ពុជាមិនមែនជាទីផ្សារសម្រាប់ក្រុមឧក្រិដ្ឋជននោះទេគឺពិភពលោកដូច្នេះត្រូវមានការចូលរួមទប់ស្កាត់ពីគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីមានប្រសាសន៍បន្ថែមថា «ពេលមុខនេះ មានលក្ខណៈទីប្រជុំជន (ឆបោកអនឡាញ) មានន័យថាមួយកន្លែងៗច្រើននាក់។ ប៉ុន្ដែមកដល់នេះគាត់បែងចែកជាដុំតូចៗ»៕
ប្រភព៖ ក្រសួងព័ត៌មាន