កាហ្វេ គឺជាភេសជ្ជៈមួយប្រភេទដែលមនុស្សគ្រប់វ័យចូលចិត្ត ដែលផលិតចេញពីគ្រាប់រលីងនៃប្រភេទរុក្ខជាតិបៃតងត្រូពិចម៉្យាងមានប្រភពដើមចេញមកពីទ្វីបអាហ្វ្រិក។

សព្វថ្ងៃនេះ មានមនុស្សជាច្រើនចូលចិត្តទទួលទានកាហ្វេ ប៉ុន្តែពុំមានមនុស្សច្រើនទេដែលចេះទទួលទានកាហ្វេ ដើម្បីទទួលបានសុខភាពល្អ។ដើម្បីអាចទទួលបានសុខភាពល្អពីការបរិភោគកាហ្វេគឺ ពិសារកាហ្វេនៅពេលព្រឹក វានឹងជួយបង្កើនថាមពលដល់ខួរក្បាល ពង្រឹងស្មារតី បង្កើនការចងចាំ និងជម្រុញឱ្យប្រព័ន្ធមុខងារខួរក្បាលមានដំណើរការល្អ ។លើសពីនេះទៅទៀត កាហ្វេ ជួយដោះស្រាយបញ្ហាធ្លាក់ចុះនៃសម្ពាធឈាម ព្រោះវាជួយជម្រុញឱ្យមានការកើនឡើងនៃសម្ពាធឈាម ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ ដូចជា ផ្ដាស់សាយ និងគ្រុនជាដើម ។ជាមួយគ្នានេះដែរ វាក៏ជួយសម្រួល និងបន្ថយដល់អាការឈឺក្បាលរបស់លោកអ្នក សារជាតិរបស់កាហ្វេ អាចជួយកាត់បន្ថយពីអាការឈឺចាប់របស់លោកអ្នក និងជំនួយដល់ប្រព័ន្ធរំលាយអាហារ និងជម្រុញដល់ការស្រកទម្ងន់។

យ៉ាងណាមិញលោកមិញមិនត្រូវទទួលទានកាហ្វេបន្ទាប់ពីម៉ោង ២រសៀល កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន ដែលវាជាអ្នកភ្ញោចទៅលើខួរក្បាល។ នេះគឺជាមូលហេតុចម្បងមួយដែលធ្វើឲ្យយើងចូលចិត្តទទួលទានកាហ្វេ។ ជាតិកាហ្វេអ៊ីនអាចឲ្យយើងមានថាមពលខ្លាំង និងជួយឲ្យយើងមានស្មារតី នៅពេលដែលយើងមានអារម្មណ៍ថាអស់កម្លាំង។ ប៉ុន្តែ បើសិនជាយើងទទួលទានកាហ្វេច្រើនពេកនៅពេលថ្ងៃ វាអាចរំខានទៅដល់ដំណេករបស់យើង ហើយការដែលគេងបានតិចអាចបង្កបញ្ហាជាច្រើនដល់សុខភាពរបស់យើងផងដែរ។ ម្យ៉ាងវិញទៀត មិនត្រូវដាក់ស្ករក្នុងកាហ្វេរបស់អ្នកទេ ព្រោះវាជាការងាយស្រួលណាស់ក្នុងការប្រែក្លាយរសជាតិកាហ្វេទៅជាអ្វីដែលអ្នកចូលចិត្ត ដោយគ្រាន់តែបន្ថែមស្ករចូលទៅក្នុងនោះ។ ប៉ុន្តែ ស្ករគឺជាគ្រឿងផ្សំដ៏អាក្រក់ក្នុងរបបអាហារសម័យថ្មី។ ដូច្នេះ បើសិនជាអ្នកមិនអាចខ្វះជាតិផ្អែមក្នុងកាហ្វេរបស់អ្នកបានទេ សូមប្រើប្រាស់ស្ករធម្មជាតិ។

បើសិនលោកអ្នកចង់ពិសារកាហ្វេអ្វី​សំខាន់​នោះគឺ ត្រូវ​មើល​ពី​សកម្មភាព​រាង​កាយយើង​ខ្លួន​ឯង មាន​​ប្រតិកម្មយ៉ាង​ម៉េច​ខ្លះ​​ជាមួយ​ជាតិ​កាហ្វេអ៊ីន។ ​គួរ​សួរ​ខ្លួន​ឯង បើ​កាហ្វេ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ជ្រួល​ច្រាល ថប់​អារម្មណ៍ ស្រវាំងមុខ ឬ​អស់​កម្លាំង មិនគួរបរិភោគវាទៀតនោះទេព្រោះវានឹងអាចបង្ករជាផលប៉ះពាល់ដល់សុខភាព និងអាចឈានដល់អាយុជីវិតទៀតផង។ ត្រូវពិនិត្យមើល​ស្ថាន​ភាព​សុខភាព​ខ្លួនឯងមុនពេលបរិភោគ ​ បើ​​មាន​រោគ​សញ្ញា​អាក្រក់​ណា​មួយ​នៅ​ពេល​ព្យាយាម​ឈប់ផឹក​​កាហ្វេ ​គួរ​តែ​តាម​ដាន​​បញ្ហា​នោះ ​ដោយ​ពិគ្រោះ​ជាមួយ​ពេទ្យ។

ជាក់ស្តែង កាហ្វេមិនត្រឹមតែជាភេសជ្ជៈដែលគេនិយមបរិភោគជារៀងរាល់ព្រឹកនោះទេ ប៉ុន្តែវាក៏ជាផ្នែកនៃទំនាក់ទំនងរវាងវប្បធម៌ និងសង្គមផងដែរ។ ប្រទេសនីមួយៗមានចំណង់ចំណូលចិត្តផឹកកាហ្វេផ្ទាល់ខ្លួន ដូចជា Espresso នៃអ៊ីតាលី, Turkish coffee នៃទួរគី, និងកាហ្វេជាច្រើនប្រភេទបន្ថែមទៀត។

ប្រភពដើមនៃកាហ្វេត្រូវបានគេជឿជាក់ថាមកពីទឹកដីអាហ្វ្រិក នៅប្រទេសអេត្យូពីនៅក្នុងសតវត្សទី 9។ តាមរយៈរឿងរ៉ាវប្រពៃណីមួយ ដែលមានបុរសជនជាតិអេត្យូពីម្នាក់ឈ្មោះ Kaldi បានរកឃើញថាចៀមរបស់គាត់មានថាមពលខ្លាំងបន្ទាប់ពីស៊ីផ្លែកាហ្វេពីដើមមួយ នេះជាហេតុនាំឱ្យបុរសនោះមានការចាប់អារម្មណ៍ខ្លាំង និងការស្រាវជ្រាវបន្ថែមពីរុក្ខជាតិនេះ។

កាហ្វេបានត្រូវនាំចេញទៅប្រទេសអារ៉ាប់នៅសតវត្សទី 15 ហើយបានក្លាយជាភេសជ្ជៈសំខាន់មួយក្នុងពិធីសាសនារបស់ជនជាតិម៉ូស្លឹម។ បន្ទាប់មកវាបានត្រូវចែកចាយទៅតំបន់អឺរ៉ុបក្នុងសតវត្សទី 17 ដែលកន្លែង ជាច្រើនក្នុងទីក្រុងបានបើកជាកាហ្វេហៅថា “Coffee House” ដើម្បីឲ្យមនុស្សមកជួបជុំគ្នានិងពិភាក្សាគ្នា។ ទីនេះត្រូវបានគេហៅថា “Penny Universities” ព្រោះអ្នកគ្រប់គ្នាអាចចំណាយតែប្រាក់ប៉ុន្មានសេន ដើម្បីទទួលបានចំណេះដឹងពីការពិភាក្សាជាមួយអ្នកដទៃ។ ក្រោយមក កាហ្វេត្រូវបានគេដាំដុះយ៉ាងទូលំទូលាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ អាហ្វ្រិកនិងអាមេរិកខាងត្បូងនៅប្រទេសដូចជា​ប្រេស៊ីល វៀតណាម និងកូឡុំប៊ី បានក្លាយជាអ្នកផលិតកាហ្វេធំៗលើពិភពលោក។

អត្ថបទ៖ កណ្ណិការ