
ក្រុមហ៊ុន INVA Real Estate Investment and Valuation Co., Ltd មានកិត្តិយសយ៉ាងធំធេង ដោយទទួលបានពានរង្វាន់ដ៏មានតម្លៃគឺ "Asean CSR Innovation & Development Business Strategy of the Year 2025" នៅក្នុងពិធីប្រគល់ពានរង្វាន់អាជីវកម្ម CSR អាស៊ានដ៏អស្ចារ្យឆ្នាំ ២០២៥ (Great ASEAN CSR Business Award 2025)។
ពានរង្វាន់នេះគឺជាការទទួលស្គាល់យ៉ាងច្បាស់លាស់ ចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន INVA ក្នុងការអនុវត្តការអភិវឌ្ឍប្រកបដោយចីរភាពការចូលរួមយ៉ាងសកម្មជាមួយសហគមន៍ និងគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវសង្គមប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា និងក្នុងតំបន់អាស៊ានទាំងមូល។
ក្រុមហ៊ុន INVA ជឿជាក់យ៉ាងមុតមាំថា ភាពជោគជ័យនៃអាជីវកម្ម គឺត្រូវតែភ្ជាប់មកជាមួយការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការបង្កើតផលវិជ្ជមានដល់សង្គម។ គណៈគ្រប់គ្រងបានថ្លែងថា៖ "យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះពានរង្វាន់នេះ ដែលជាការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារយើងទាំងអស់គ្នា។ ការទទួលស្គាល់នេះ គឺជាកម្លាំងចលករដ៏សំខាន់ដែលជំរុញឱ្យយើងបន្តធ្វើជាអ្នកដឹកនាំក្នុងដំណោះស្រាយប្រកបដោយចីរភាព ក្នុងការវិនិយោគ និងវាយតម្លៃអចលនទ្រព្យ ដើម្បីជាប្រយោជន៍ដល់សហគមន៍ បរិស្ថាន និងមនុស្សជាតិ"។
ការទទួលបានពានរង្វាន់នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន INVA ក្នុងនាមជាក្រុមហ៊ុនឈានមុខគេ ដែលមិនត្រឹមតែផ្ដោតលើអាជីវកម្មប៉ុណ្ណោះទេ តែថែមទាំងយកចិត្តទុកដាក់ខ្ពស់លើការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាពផងដែរ។ ក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ អតិថិជន និងដៃគូសហការទាំងអស់ដែលបានគាំទ្រចក្ខុវិស័យរបស់ខ្លួន រហូតសម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ។


អត្តបទ៖ តុប ឡៃហៀង