
ក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ បានសង្ឃឹមនិងជឿជាក់ថា ប្លង់គោលប្រើប្រាស់ដីដែលបានអនុម័តរួចនេះ នឹងត្រូវបានចាត់ចែងអនុវត្ត និងប្រើប្រាស់សម្រាប់ការរៀបចំផែនការតាមវិស័យនៅក្នុងក្រុង ស្រុកទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងតម្រង់ទិសដល់ការគិតគូររៀបចំគម្រោងអភិវឌ្ឍន៍នានា និងឆ្លើយតបបានត្រឹមត្រូវនូវតម្រូវការចាំបាច់ជាអាទិភាព និងបញ្ហាប្រឈមជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន។

កាលពីថ្ងៃ ចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានមានប្រសាសន៍ថា ការងារអនុម័តប្លង់គោលប្រើប្រាស់ដីនេះជាការងារថ្មីមួយដែលរដ្ឋបាលថ្នាក់ក្រោមជាតិភាគច្រើនពុំធ្លាប់បានរៀបចំ និងចាត់ចែងអនុវត្តនោះទេ។ ហេតុនេះ ឯកឧត្តមលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ចាប់ផ្តើមម្ចាស់ការរៀបចំ និងជំរុញការកសាង និងការអនុវត្តផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីរបស់ខ្លួន និងចូលរួមឱ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី ផែនការប្រើប្រាស់ដី ការរៀបចំទីក្រុង និងទីប្រជុំជនសម្រេចបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីធានាឱ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមនីយកម្ម និងស៊ីវិល័យ។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមប្រែក្លាយទស្សនទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់ ដោយឈរលើគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងផែនការអភិវឌ្ឍន៍ជាក់ស្តែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុមដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះដឹង សុខភាពល្អ និងមានភាតរភាពជាបងប្អូន។
ពិធីបិទកិច្ចប្រជុំលើកដំបូង របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់