
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារនិងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការអនុរដ្ឋលេខាធិការទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករងនិងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល។ ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានគូសបញ្ជាក់ណែនាំនិងផ្តល់នូវអនុសាសន៍ដូចខាងក្រោម៖
1. មន្ទីរសុខាភិបាលនៅតាមខេត្តជាប់ព្រំដែនត្រូវពិនិត្យមូលដ្ឋានសុខាភិបាលដែលផ្អាកដំណើរក្នុងកំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ដោយរៀបចំឱ្យដំណើរការឡើងវិញដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋ
2. បន្តពង្រឹងការបម្រើសេវាប្រកបដោយគុណភាព សមធម៌និងក្រមសីលធម៌ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ
3. គ្រប់មូលដ្ឋានសុខាភិបាលត្រូវមានពិធីសារដោយបិតលើជញ្ជាំងងាយស្រួលក្នុងការមើលនិងអនុវត្តការងារ
4. បន្តយកចិត្តទុកដាក់បន្ថែមលើការងារនិយ័តកម្មនិងការងារឱសថដោយផ្តោតសំខាន់លើគុណភាពនិងការផលិតឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
5. ពង្រឹងបន្ថែមការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវការបម្រើសេវាសុខាភិបាលនៅតាមអង្គភាពរៀងៗខ្លួន
6. គ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ត្រូវខិតខំស្វែងយល់និងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែរលូន
7. ថ្នាក់ដឹកនាំមន្ទីរពេទ្យត្រូវចុះពិនិត្យក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានជាប្រចាំទាំងហេដ្ឋារចនាសម្ព័ន្ធបរិស្ថាន ឥរិយាបថជាមួយអ្នកជំងឺដើម្បីពិនិត្យរកចំនុចខ្វះខាតកែលម្អ។
8. ជំរុញការចុះពង្រឹងមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកដោយធ្វើការផ្ទៀងផ្ទាត់នូវចំនុចដែលត្រូវកែលម្អឱ្យកាន់តែល្អប្រសើរ
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាកដឹកនាំមន្ទីរពេទ្យជាតិមន្ទីរសុខាភិបាលរាជធានីខេត្តជាពិសេសការិយាល័យស្រុកប្រតិបត្តិមណ្ឌលសុខភាព ដែលនៅគៀកនឹងប្រជាពលរដ្ឋត្រូវពង្រឹងការបម្រើសេវាគុណភាពប្រសិទ្ធភាពក្រមសីលធម៌វិជ្ជាជីវៈក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្រិតមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ប្រភព៖ ក្រសួងព័ត៌មាន