នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាមចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រីនិងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។

តាមការស្រាវជ្រាវភាសាដែលបានប្រើប្រាស់និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យគឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្មោះ ខាន់ សារ័ត្ន ដែលរស់នៅនិងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលហាមឃាត់មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តីនិងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។

វិធានការនៅចំពោះមុខ គឺក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ 

ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះនៅព្រឹកស្អែកមន្ត្រីជំនាញនៃក្រសួងព័ត៌មាននឹងកោះហៅបុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះមកធ្វើណែនាំនិងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន។ ជាមួយគ្នានេះក្រសួងព័ត៌មានក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀតនិងសាធារណជនមេត្តាបញ្ឈប់ការចែកចាយនិងផ្សព្វផ្សាយនូវរូបភាពឃ្លីបវីដេអូដែលមានបញ្ហានេះនិងសូមក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាន់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននិងច្បាប់ជាធរមាន។

 

 

ប្រភព៖ ក្រសួងព័ត៌មាន