នៅរសៀលថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការទទួលបន្ទុកនយោបាយ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រីបាន​ថ្លែងអំណរគុណ​ចំពោះ​ការប្តេជ្ញាចិត្តនិង​ការគាំទ្រ​របស់​សហរដ្ឋអាមេរិកក្នុង​ការជួយ​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជានិង​ថៃឈានទៅការចុះកិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​ទាំងពីរដោយហេតុថាសន្តិភាព​គឺជា​ទ្រព្យ​ដ៏ដែលមានតម្លៃ​បំផុត​និងជាមូលដ្ឋាន​គ្រឹះ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិគ្រប់វិស័យ។

នៅឆ្នាំ២០២៥នេះជាខួបលើកទី៧៥នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាម៉េរិកខណៈដែលកម្ពុជាកំពុងដើរតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក ជាមួយគ្នានឹងកិច្ចព្រមព្រៀងសន្តិភាពដែលទើបទទួលបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៃទំនាក់ទំនងនិងភាពជាដៃគូរវាងប្រទេសទាំងពីរ។

ប្រភព៖ក្រសួងព័ត៌មាន