និយាយដល់ត្រីឆ្អើរបងប្អូនប្រជាពលរដ្ឋខ្មែររាប់តាំងពី អ្នកជនបទរហូតដល់អ្នកទីក្រុងពិតជាបានស្គាល់យ៉ាងច្បាស់ជាពិសេសគឺស្រ្តីមេផ្ទះហើយក៏ប្រហែលជានឹកឃើញភ្លាមដល់រសជាតិឆ្ងាញ់ពិសារបស់វាក្នុងការកែច្នជាទឹកអន្លក់និងមុខម្ហូបផ្សេងៗជាច្រើនទៀត។ ត្រីឆ្អើរគឺជាមុខម្ហូបខ្មែរបែបធម្មជាតិ ពិតៗហើយវាមិនមែនជារឿងងាយប៉ុន្មាននោះឡើយដើម្បីបានឈ្មោះជាត្រីឆ្អើរនេះឡើងព្រោះវាត្រូវឆ្លងកាត់ការដោតជាចង្កាក់ៗយ៉ាងផ្ចិតផ្ចង់រួចឆ្អើរដោយយកចិត្តទុកដាក់និងហ្មត់ចត់ទើបបានជាឈ្មោះត្រីឆ្អើរនេះឡើង ។

មុននឹងស្វែងយល់ឱ្យកាន់តែច្បាស់ថាតើត្រីឆ្អើរដែលយើងនិយមបរិភោគប្រចាំថ្ងៃនោះគេអាចយកទៅច្នៃធ្វើម្ហូបអី្វបានខ្លះនោះយើងសូមងាកមកស្វែងយល់ពីវិធីធ្វើត្រីឆ្អើរនេះជាមុនសិន។ ត្រីឆ្អើរដែលចរាចរលក់នៅលើទីផ្សារសព្វថ្ងៃគឺមានប្រភពមកពីប្រជាពលរដ្ឋដែលមានទីលំនៅនៅក្បែរតំបន់ដងទន្លេ។ ពួកគាត់បានប្រមូលផលពីការនេសាទហើយយកត្រីទាំងនោះមកឆ្អើរទុកលក់និងបរិភោគខ្លួនឯងព្រោះការធ្វើបែបនេះអាចរក្សាទុកបានយូរ។ប្រភេទត្រីដែលគេនិយមយកមកឆ្អើរមានដូចជាត្រីកែសត្រីចង្វារត្រីក្លាំងហាយជាដើមឬប្រភេទត្រីផ្សេងៗទៀតទៅតាមការនិយមចូលចិត្តរបស់ប្រជាពលរដ្ឋតាមតំបន់។ ចំពោះវិធីធ្វើគឺគេត្រូវយកត្រីស្រស់ដែលនេសាទបាននោះមកកាត់ក្បាលឬមិនកាត់ក៏បានទៅតាមប្រភេទត្រីហើយត្រូវវះពោះយកខ្លាញ់ត្រីចេញឬមិនវះទៅតាមប្រភេទត្រីដែលមិនសូវមានខ្លាញ់ព្រោះថាបើមិនយកខ្លាញ់ត្រីចេញមុនពេលឆ្អើរទេវានឹងធ្វើឱ្យត្រីនោះមិនងាយក្រៀមហើយទុកមិនបានយូរទៀតផង។បន្ទាប់ពីលាងសម្អាតត្រីទាំងនោះរួចរាល់ហើយគេចាប់ផ្ដើមយកត្រីទាំងនោះទៅដោតជាមួយឬស្សីធ្វើជាចង្កាក់ងាយស្រួលក្នុងការឆ្អើរ។ ចំពោះការឆ្អើរនោះទៀតសោតគឺត្រូវដាក់ត្រីលើចង្អើរយ៉ាងហោចណាស់ក៏កំពស់៤ តឹកឡើងដែរហើយដុតភ្លើងពីក្រោមតិចៗរហូតដល់ត្រីក្រៀមល្អសព្វកន្លែងទើបគេប្រមូលវាទុក ។

ត្រីឆ្អើរគេអាចយកទៅច្នៃធ្វើជាមុខម្ហូបបានជាច្រើនយ៉ាងហើយមានឱជារសឆ្ញាញ់ពិសា។ក្នុងនោះមានដូចជា ៖
១. បុកទឹកគ្រឿងត្រីឆ្អើរ ៖ ត្រីឆ្អើរជាវត្ថុធាតុដើមយ៉ាងពិសេសក្នុងការធ្វើទឹកគ្រឿងអន្លក់ផ្សេងៗឱ្យមានឱជារសឆ្ងាញ់ពិសា។លោកអ្នកគ្រាន់តែបុកផ្សំវាចូលគ្នាជាមួយប្រហុកអំពិលទុំនិងថែមគ្រឿងទេសផ្សេងៗទៅតាមចំណូលចិត្តជាការស្រេច។ មុខម្ហូបប្រភេទនេះអាចជ្រលក់បានជាមួយគ្រឿអន្លក់គ្រប់ប្រភេទ។
២ . បុកត្រីឆ្អើរ អំពិលទុំ ៖ ចំពោះវិធីធ្វើបុកត្រីឆ្អើរ អំពិលទុំនេះគឺលោកអ្នកគ្រាន់តែយកត្រីឆ្អើរទៅកម្ដៅឱ្យស្រួយហើយបុកឱ្យម៉ត់រួចទុកមួយអន្លើ ។ បន្ទាប់មកលោកអ្នកត្រូវយកគ្រឿងទេសផ្សេងៗដូចជាខ្ទឹមសខ្លឹមក្រហមទៅចិញ្ច្រាំអោយម៉ត់ហើយលីងជាមួយប្រេងឆាឱ្យឈ្ងុយបន្ទាប់មកទៀតត្រូវដាក់ស្ករត្នោតលីងច្របល់ជាមួយគ្រឿងឱ្យសព្វដាក់ប្រហុកដាក់អំពិលទុំរួចចាក់ទឹកចូលបន្ដិចហើយកូរឱ្យពុះបន្ទាប់មកដាក់សាច់ត្រីឆ្អើរចូលកូរឱ្យសព្វហើយភ្លក្សថែមគ្រឿងទៅតាមចំណូលចិត្តគឺជាការស្រេច ។
៣. ញាំត្រីឆ្អើរ ៖ត្រីឆ្អើរក៏អាចយកទៅញាំ ជាមួយបន្លែគ្រប់ប្រភេទមិនខុសពីញាំសាច់ជ្រូកឬញាំអង្រ្កងនោះទេ។លោកអ្នកគ្រាន់តែយកប្រភេទបន្លែដែលអាចញាំបាននិងស្របតាមចំណង់ចំណូលចិត្តរបស់អស់លោកអ្នកមកបុកលំៗជាមួយគ្រឿងទេសផ្សេងៗហើយដាក់បញ្ចូលត្រីឆ្អើរដែលបុកទុកដោយឡែកនោះជាការស្រេច ។

៤. ប្រហើរ តរីឆ្អើរ ៖ គ្រាន់តែឮឈ្មោះមុខម្ហូប មួយនេះលោកអ្នកប្រហែលជាស្រមៃនឹកឃើញទៅ ហើយនូវរសជាតិសម្លមួយចានក្លិនខ្ជាយឈ្អុយប្រហើរបែបរសជាតិប្រចាំត្រកូលរបស់បងប្អូនប្រជាពលរដ្ឋខ្មែរតែម្ដង។ចំពោះវិធីធ្វើមុខម្ហូបប្រភេទនេះក៏មិនខុសគ្នាប៉ុន្មានពីប្រហើរសាច់ត្រីស្រស់នោះឡើយគឺលោកអ្នកគ្រាន់តែយកត្រីឆ្អើរមកបេះឆ្អឹងចេញរួចបង់ចូលសម្លតែម្ដងឬក៏ធ្វើការបុកវាឱ្យម៉ដ្តរួចបង់ចូលសម្លក៏បានទៅតាមចំណង់ចំណូលចិត្តរបស់អស់លោកអ្នក ។
៥. ម្ជូរត្រីឆ្អើរ ៖ លោកអ្នកប្រហែលជាប្លែក អារម្មណ៍បន្ដិចជាមួយពាក្យថាម្ជូរត្រីឆ្អើរនេះព្រោះថាសម្លម្ជូរភាគច្រើនគេយកត្រីស្រស់មកស្លហើយដាក់ម្ជូរដើម្បីកាត់ក្លិនឆ្អាប។ដោយឡែកបើទោះបីថាត្រីឆ្អើរជាត្រីក្រៀមគ្មានក្លិនឆ្អាបក៏ដោយក៏គេ អាចយកវាទៅច្នៃធ្វើជាសម្លម្ជូរដាក់បន្លែស្រុកស្រែបានយ៉ាងឆ្ងាញ់ពិសាដែរ។លោកអ្នកអាចទទួលយកបទពិសោធន៍នៃរសជាតិនេះដោយខ្លួនឯងបាន ។
សរុបជារួមមកយើងឃើញថាត្រីឆ្អើរក្រៅពីអាចរក្សាគុណភាពត្រីបានយូរហើយនោះវាក៏អាចច្នៃធ្វើជាមុខម្ហូបបានជាច្រើនប្រភេទជាពិសេសវាពេញនិយមបំផុតក្នុងការផ្សំជាមួយគ្រឿងម្ជូរនិងគ្រឿងផ្អាប់ផ្សេងៗដូចជាអំពិលក្រសាំងកាពិប្រហុកផ្អកជាដើមរួមផ្សំជាមួយអន្លក់ខ្ចីៗបន្ថែមទៀតនោះឃើញវាពិតជាមានឱជារស ឈ្ងុយឆ្ងាញ់បែបធម្មជាតិតែម្ដងព្រោះវាបានក្លាយជា ទៅជារសជាតិនៃមុខម្ហូបប្រចាំត្រកូលរបស់បងប្អូន ប្រជាពលរដ្ឋខ្មែរយើងទៅហើយ។
អត្ថបទ៖ ជួន សុធា