កាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន INVA Real Estate Investment and Valuation Co., Ltd. និង ក្រុមហ៊ុន CLN Law Firm បានប្រកាសពីភាពជាដៃគូថ្មីមួយ ដែលត្រូវបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU)។ កិច្ចសហការនេះមានគោលបំណងផ្តល់សេវាកម្មឲកាន់តែទូលំទូលាយ និងមានសុវត្ថិភាពខ្ពស់សម្រាប់អតិថិជនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។


ភាពជាដៃគូនេះនឹងរួមបញ្ចូលគ្នានូវសេវាកម្មក្នុងការវាយតម្លៃអចលនទ្រព្យដែលប្រកបដោយជំនាញវិជ្ជាជីវៈ និងឆាប់រហ័សរបស់ក្រុមហ៊ុន INVA ជាមួយនឹងជំនាញផ្នែកច្បាប់ដ៏ស៊ីជម្រៅរបស់ក្រុមហ៊ុនមេធាវី CLN ។ សេវាកម្មរួមគ្នានេះនឹងផ្តល់ជូនអតិថិជននូវដំណើរការដ៏រលូន ដែលរួមមានការត្រួតពិនិត្យបណ្ណកម្មសិទ្ធិ ការវិភាគរចនាសម្ព័ន្ធ Trust និងការត្រួតពិនិត្យឯកសារប្រកបដោយសុវត្ថិភាព។
បន្ថែមពីនេះ គោលដៅចម្បងគឺដើម្បីផ្តល់ជូនអ្នកទិញ អ្នកអភិវឌ្ឍ និងធនាគារនូវឧបករណ៍ចាំបាច់នានា ដើម្បីប្រតិបត្តិការទិញ លក់បានយ៉ាងឆាប់រហ័ស និងប្រកបដោយទំនុកចិត្ត កាត់បន្ថយហានិភ័យ និងភាពយឺតយ៉ាវទូទៅដែលតែងកើតមាននៅក្នុងប្រតិបត្តិការអចលនទ្រព្យ។
សេចក្តីថ្លែងការណ៍រួមពីក្រុមហ៊ុនទាំងពីរបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្រោមបាវចនា "We Walk The Talk" ដែលសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបំពេញតាមការសន្យានៃប្រសិទ្ធភាព និងទំនុកចិត្តនៅក្នុងទីផ្សារ។
អត្តបទ៖ តុប ឡៃហៀង