
មន្ត្រីជាន់ខ្ពស់តំណាងប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានជួបប្រជុំនៅទីក្រុងគុនមីង ក្នុងសិក្ខាសាលាលើកទី២ ស្តីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍មេគង្គ - ឡាន ឆាង ដោយតម្រង់ទិសចក្ខុវិស័យរួមសម្រាប់ការតភ្ជាប់ឌីជីថលនិងអនុតំបន់នៃកាន់តែបៃតង។ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព បរិយាបន្ន និងបញ្ចេញកាបូនទាបនៅទូទាំងតំបន់។ លទ្ធផលសំខាន់មួយនៃកិច្ចប្រជុំនេះគឺការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការលើលំហូរទិន្នន័យឆ្លងព្រំដែនដែលមានសារៈសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មភស្តុភារនិងបរិវតកម្មឌីជីថល។
ឯកឧត្តម ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានលើកឡើងថា៖ “កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បច្ចុប្បន្ន មិនមែនគ្រាន់តែជាក្របខ័ណ្ឌថ្នាក់តំបន់ប៉ុណ្ណោះទេ ប៉ុន្តែជាក្បាលម៉ាស៊ីនដ៏ស្វាហាប់សម្រាប់ភាពរីកចម្រើន និងនិរន្តរភាពរួម។ ច្រករបៀងនវានុវត្តន៍នេះគឺជាគម្រោងផែនការប្រកបដោយចក្ខុវិស័យវែងឆ្ងាយដែលត្រូវតែយកជាជន្ទល់ក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។”
ឯកឧត្តមក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះកំណើនបៃតងដោយបន្ថែមថាបច្ចេកវិទ្យាបៃតងនិងឧស្សាហកម្មប្រកបដោយនិរន្តរភាពគឺជាមូលដ្ឋាននៃរបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះគណៈប្រតិភូកម្ពុជាក៏បានស្នើបង្កើតក្រុមការងារសហប្រតិបត្តិការមេគង្គ - ឡាន ឆាង ដើម្បីជំរុញគំនិតផ្តួចផ្តើមបរិវត្តកម្មបច្ចេកវិទ្យាបៃតងនិងចាប់ផ្តើមអនុវត្តកម្មវិធីស្រាវជ្រាវរួមស្តីពីបច្ចេកវិទ្យាបៃតងនិងនវានុវត្តន៍ឌីជីថលក្នុងឆ្នាំ២០២៦។
ប្រភព៖ ក្រសួងព័ត៌មាន