ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ. បានអំពាវនាវដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់មានការងារធ្វើសូមចូលរួមក្នុងពិព័រណ៍ការងារតាមបណ្ដាខេត្តធំៗចំនួន ៤ រួមមានខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តកំពង់ធំ ដើម្បីទទួលបានឱកាសការងារធ្វើក្នុងស្រុកខណៈបច្ចុប្បន្ននៅសល់ឱកាសការងាររាប់ម៉ឺនកន្លែងថែមទៀត។

ឯកឧត្តមអ្នកនាំពាក្យក្រសួងការងារបានមានប្រសាសន៍នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះថា ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងរៀបចំពិព័រណ៍ការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅខេត្តធំៗចំនួន៤ ដើម្បីផ្ដល់ឱកាសការងារជាង៨ម៉ឺនកន្លែងជូនដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដែលនៅក្នុងនោះមានការងារស្ថិតក្នុងវិស័យឧស្សាហកម្មសេវាកម្មនិងកសិកម្ម។ ក្រៅពីទទួលបានឱកាសការងារភ្លាមៗហើយនោះបងប្អូនពលករក៏នឹងមានឱកាសនៅក្នុងការរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលមានរហូតដល់៤៥ជំនាញនៅតាមបណ្ដាគ្រឹះស្ថាន អប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅទូទាំងប្រទេសដោយឥតគិតថ្លៃ ហើយក៏នឹងទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស. នៅពេលបងប្អូនចូលធ្វើការងារដែលរួមមានអត្ថប្រយោជន៍ហានិភ័យការងារ ថែទាំសុខភាពនិងប្រាក់សោធន។ ពិព័រណ៍ការងារនេះបានរៀបចំរួចមកហើយ នៅខេត្តបាត់ដំបងកន្លងទៅនេះ ដោយមានបងប្អូនពលករជាច្រើននាក់បានទទួលឱកាសការងារធ្វើ។ ចំណែកនៅចុងសប្ដាហ៍នេះគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នឹងបន្តរៀបចំនៅខេត្តបន្ទាយមានជ័យ ខេត្តសៀមរាបនឹងរៀបចំចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ចំណែកនៅខេត្តព្រៃវែងនិងខេត្តកំពង់ធំនឹងរៀបចំចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា៕
ប្រភព៖ ក្រសួងព័ត៌មាន