នាព្រឹកថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញនិងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Yasir Naqvi ជាសមាជិកសភាប្រចាំមណ្ឌលអូតាវ៉ា ក្នុងរដ្ឋធានីអូតាវ៉ា រដ្ឋអុនតារីយ៉ូ និងជាលេខាធិការសភាទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនិងរដ្ឋលេខាធិការទទួលបន្ទុកអភិវឌ្ឍន៍អន្តរជាតិ។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយស្និទ្ធស្នាលដោយពិភាក្សាផ្តោតជាចម្បងលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីព្រមទាំងពិភាក្សាអំពីតួនាទីរបស់កម្ពុជានៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-កាណាដាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងការកែលម្អបរិស្ថានធុរកិច្ចនិងការលើកទឹកចិត្តវិនិយោគតាមរយៈ ច្បាប់វិនិយោគថ្មី។ ឯកឧត្តម ក៏បានអញ្ជើញវិនិយោគិនកាណាដាឱ្យមកស្វែងយល់ពីសក្តានុពលបរិយាកាសវិនិយោគនិងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា ពិសេសលើវិស័យបច្ចេកវិទ្យាឧស្សាហកម្មបៃតងនិងហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញផងដែរនូវការគាំទ្ររបស់កម្ពុជាលើកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរួមគ្នា។ ជាមួយគ្នានេះ ឯកឧត្តម Yasir Naqvi បានកត់សម្គាល់ពីការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដានិងកម្ពុជា ក៏ដូចជាបណ្តាប្រទេសអាស៊ាននានា ជាពិសេសក្នុងបរិបទនៃការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កាណាដា។

បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាពិនិត្យលទ្ធភាពបន្តកិច្ចសហការលើកិច្ចការវិនិយោគនិងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែមានភាពស្អិតរមួតថែមមួយកម្រិតទៀត។ ជំនួបនេះបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជានិងកាណាដា ក្នុងការធ្វើការរួមគ្នាដើម្បីពង្រីកលំហពាណិជ្ជកម្មការវិនិយោគនិងផលប្រយោជន៍ទៅវិញទៅមកប្រកបដោយចីរភាពនិងទំនុកចិត្ត ព្រមទាំងបន្តរីកចម្រើនកាន់តែខ្លាំងក្លាទៅមុខចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី៕

 

 

ប្រភព៖ ក្រសួងព័ត៌មាន