
គ្រាន់តែក្នុងរយៈពេលមួយថ្ងៃ គឺថ្ងៃទី១៦តុលាម្សិលមិញនេះ មាសបានឡើងថ្លៃ ១៩ដុល្លារក្នុង១ជី ដែលមិនធ្លាប់មានកន្លងមក នៅព្រឹកថ្ងៃទី ១៧ ខែតុលានេះ មាសបានឡើងថ្លៃពី៥១៦ដែលជាតម្លៃកាលថ្ងៃទី ១៦តុលាម្សិលមិញនេះ រហូតដល់៥៣៥ដុល្លារក្នុងមួយជី ហើយបើយើងធៀបក្នុងរយៈពេល២សប្តាហ៍កន្លះកន្លងមកនេះពោលគិតពីដើមខែតុលាមកដល់ថ្ងៃទី១៧តុលានេះតម្លៃមាសបានឡើងថ្លៃ៦៨ដុល្លារក្នុង១ជី។
នេះគឺជាការងើបឡើងខ្លាំងនៃតម្លៃមាសបើធៀបនឹងក្នុងរយៈពេល១ខែកាលពីខែកញ្ញាកន្លងមកគឺមាសបានឡើងថ្លៃត្រឹមតែ៤៣ដុល្លារក្នុង១ជីប៉ុណ្ណោះ។
ហើយបើយើងក្រឡេកទៅមើលតម្លៃមាសកាលពីខែសីហាកន្លងមកគឺមាសឡើងថ្លៃបានតែ១៤ដុល្លារប៉ុណ្ណោះក្នុង១ជី ខណៈក្នុងរយៈពេល១ខែដូចគ្នាកាលពីខែកក្កដា មាសបានធ្លាក់ថ្លៃវិញអស់២ដុល្លារក្នុង១ជី។ យ៉ាងណាក៏ដោយចាប់ពីដើមឆ្នាំ២០២៥មកដល់ពេលនេះអ្នកដែលបានទិញមាសទុកបានចំណេញប្រាក់២១៨ដុល្លារក្នុង១ជី។
ប្រភព៖ ក្រសួងព័ត៌មាន