ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏ដូចជាដើម្បីលើកកម្ពស់ការផ្តល់សេវាកម្មទេសចរណ៍ ពីសំណាក់អ្នកប្រកបរបរបអាជីវកកម្មលើសេវាកម្មទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តកោះកុងបានរៀបចំក្រុមការងារដើម្បីចុះត្រួតពិនិត្យនិងណែនាំដល់ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗនៅក្នុងខេត្តជាប្រចាំ ដោយផ្តោតលើការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា ខេត្តកោះកុងត្រូវបានបែងចែកគោលដៅទេសចរណ៍ចំនួន៤ធំៗ ក្នុងនោះមានតំបន់ក្រុងខេមរភូមិន្ទនិងតំបន់ជុំវិញ ទី២ តំបន់ឆ្នេរសមុទ្រ ដងព្រែក និងប្រជុំកោះ ទី៣ តំបន់ភ្នំនិងតំបន់ខ្ពងរាប និងទី៤ គឺតំបន់ស្រុកស្រែអំបិល ។

លោក ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានបន្តថា ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តឱ្យបានកាន់តែច្រើនបន្ថែមទៀតនោះមន្ទីរទេសចរណ៍បានចុះបណ្តុះបណ្តាល ការដាក់តម្លៃជូនភ្ញៀវទេសចរការពង្រឹងអនាម័យ ពង្រឹងសុវត្ថិភាព និងការពង្រឹងស្តង់ដារសេវាកម្មទេសចរណ៍ ដូចជា ជំរុញចំណាត់ថ្នាក់សណ្ឋាគារ ចំណាត់សណ្ឋាគារបៃតង ស្តង់ដាររមណីយដ្ឋាន ស្តង់ដារភោជនីយដ្ឋាន ជាដើម។ 

« មន្ទីរទេសចរណ៍ បានរៀបចំក្រុមការងារដើម្បីចុះត្រួតពិនិត្យនិងណែនាំដល់ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ នៅក្នុងខេត្តជាប្រចាំដោយផ្តោតលើការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ការបង្ហាញតម្លៃសេវាកម្ម អាជីវកម្ម ការរៀបចំសោភ័ណភាពទីតាំងអាជីវកម្ម សេវាកម្ម ការគ្រប់គ្រងសំណល់រឹងរាវ ការយល់ដឹងពីសុខសុវត្ថិភាពដល់ភ្ញៀវទេសចរដើម្បីបំពេញបាននូវតម្រូវការនិងការពេញចិត្តរបស់ភ្ញៀវឱ្យគាត់មកខេត្តកោះកុងមានភាពកក់ក្តៅឱ្យកាត់មកហើយចង់មកម្តងទៀត»។

តាមរយៈប្រសាសន៍លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង តំបន់ដែលមានសក្តានុពលទេសចរណ៍និងទាក់ទាញជាងគេ ដូចជាតំបន់កោះស្ដេច តំបន់ជ្រោយស្វាយ តំបន់ព្រៃកោងកាងពាមក្រសោប តំបន់ទឹកធ្លាក់តាតៃ ក៏ដូចជាតំបន់សហគមន៍ជីផាតជាដើម ។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថាសម្រាប់រយៈពេល១០ខែចុងក្រោយ ឆ្នាំ២០២៥នេះ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិ ចំនួន ៨១៧ ៧៦៩នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិ ចំនួន ៥៨ ៨៩០នាក់ ដែលកំណើននេះបានពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានក្រសួងទេសចរណ៍ជាសេនាធិការបានដាក់ចេញយុទ្ធសាស្ត្រជាច្រើនតួរយ៉ាងយុទ្ធនាការទេសចរណ៍បៃតងឬ Green Season ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរក្សាកំណើនទេសចរណ៍របស់កម្ពុជា។

 

 

ប្រភព៖ ក្រសួងព័ត៌មាន