
បន្ទាប់ពីជំនួបពិភាក្សារងារទ្វេភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ រួចមកថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានិងបានអញ្ជើញធ្វើជាអធិបតីភាពក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរផងដែរ។ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូសភារវាងរដ្ឋសភានៃប្រទេសហុងគ្រី និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជានិងឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី។
ចំណែក អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា តំណាង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជានិង ឯកឧត្តម ជឺរជី ស៊ុច (György Such) អគ្គលេខាធិការរដ្ឋសភាប្រទេសហុងគ្រី។
អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានាពេលនេះមានសារៈសំខាន់បំផុតនៅក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរនៅគ្រប់កម្រិតទាំងក្នុងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋានដូចជាក្នុងការជំរុញឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចការចែករំលែកបទពិសោធន៍ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកការលើកកម្ពស់ភាពជាដៃគូនិងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តី នៃរដ្ឋសភាប្រទេសទាំងពីរជាដើម។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្ដម ឡាស្លូ កូវឺរ ចាត់ទុកអនុស្សរណៈនៃការយោគយល់គ្នាដែលរដ្ឋសភាប្រទេសទាំងពីរដែលបានចុះហត្ថលេខានាពេលនេះជាទំព័រប្រវត្តិសាស្រ្តថ្មីមួយនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរដែលមានតាំងពីយូរលុងណាស់មកហើយនោះ។អនុស្សរណៈនៃការយោគយល់គ្នានាពេលនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រទេសទាំងពីរក្នុងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនពីព្រោះរដ្ឋសភាប្រទេសទាំងពីរជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋ៕
ប្រភព៖ ក្រសួងព័ត៌មាន