នៅព្រឹកថ្ងៃសុក្រ ១០កើតខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដង្ហែសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង។ យាងនិមន្តនិងអញ្ជើញចូលរួមក្នុងព្រះរាជពិធីនេះរួមមាន សម្ដេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្ដម ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បណ្តាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជាថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈនិងមន្ត្រីរាជការជាច្រើនរូបទៀត។

ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានិងបានផ្តល់នូវការប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរថ្លៃថ្លា មហាប្រសើរ ដល់ទឹកដីព្រះរាជាណាចក្រកម្ពុជាក្រោមម្លប់ព្រះបារមីនៃព្រះករុណាអម្ចាស់ជីវិតលើត្បូងដែលនឹងផ្ដល់នូវសេចក្តីសុខចម្រើនដល់ប្រជារាស្រ្តជាកូនចៅចៅទួតរបស់ព្រះអង្គជារៀងដរាបតរៀងទៅ។

 

 

ប្រភព៖ ក្រសួងព័ត៌មាន