ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានគូសបញ្ជាក់ថាសម្រាប់ប្រទេសអភិវឌ្ឍន៍ទីផ្សារមូលបត្រមិនមែនគ្រាន់តែជាយន្តការហិរញ្ញវត្ថុប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះនិងជាកាតាលីករដែលគាំទ្រនិងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិនិងសង្គមព្រមទាំងជាប៉ារ៉ាម៉ែត្រសម្រាប់វាស់ពីស្ថានភាពនិងសុខភាពសេដ្ឋកិច្ចទៀតផង ។
ការគូសបញ្ជាក់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានធ្វើឡើងនៅក្នុង «សន្និសីទមូលបត្រប្រចាំឆ្នាំ ២០២៥ ក្រោមមូលបទ ៖ ការវិវត្តនៃវិស័យមូលបត្រ ៖ ចីរភាព, នវានុវត្តន៍, បរិយាបន្ន និង ភាពធន់», នាព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៥,នៅសណ្ឋាគារសុខាភ្នំពេញ ។តាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ចាក់ថា សម្រាប់កម្ពុជាទីផ្សារមូលបត្របាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុជាសសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិក្នុងការជួយជំរុញនិងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានការរីកចម្រើនប្រកបដោយបរិយាបន្ន ជវភាព ភាពធន់ នវានុវត្ត និង ចីរភាព។

ថ្នាក់ដឹកនាំខាងលើបានបន្តថាតាមរយៈទីផ្សារមូលបត្រ, កម្ពុជាបានបង្កើតឲ្យមានយន្តការកាន់តែសម្បូរបែបក្នុងការកៀរគរទុននិងការវិនិយោគប្រកបដោយនវានុវត្តនិង ចីរភាពតាមរយៈ ៖
ទី១. ទីផ្សារមូលបត្រកម្មសិទ្ធិដែលរួមមានទីផ្សារគោល និង ទីផ្សារកំណើន
ទី២. ទីផ្សារសញ្ញាបណ្ណ
ទី៣. ទីផ្សារគម្រោងវិនិយោគរួម
ទី៤. ទីផ្សារឧបករណ៍និស្សន្ទ
ទី៥. ការសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានផលិតផលឬសេវាកម្មដែលមានលក្ខណៈនវានុវត្ត
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថាយន្តការសំខាន់ទាំងនេះបានក្លាយជាច្រកហិរញ្ញប្បទានដ៏សំខាន់សម្រាប់ក្រុមហ៊ុននិងសហគ្រាសដែលមានគោលបំណងស្វែងរកទុនដើម្បីពង្រីកអាជីវកម្មនិងបង្កើនការវិនិយោគក៏ដូចជាអភិវឌ្ឍនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងគម្រោងចីរភាពតាមរយៈការប្រើប្រាស់ឲ្យអស់លទ្ធភាពនូវមូលធនវិនិយោគក្នុងស្រុកដែលនៅសេសសល់ក្នុងទីផ្សារនិងម្យ៉ាងទៀតជាច្រកទាក់ទាញទុនវិនិយោគធំៗពីបរទេស។

ក្នុងទិសដៅនេះនិយ័តករមូលបត្រកម្ពុជាបាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីដាក់ចេញនូវផលិតផលនិងសេវាថ្មីៗនៅក្នុងទីផ្សារដើម្បីផ្ដល់ជាប្រយោជន៍សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តគោលនយោបាយគន្លឹះរបស់ខ្លួនផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានរំលេចាច្បាស់ណាស់ថាទីផ្សារមូលបត្រនៅកម្ពុជាត្បិតតែមានទំហំតូចនៅឡើយក៏ប៉ុន្តែការអនុវត្តរបស់កម្ពុជាគឺស្របទៅតាមឧត្តមានុវត្តអន្តរជាតិខណៈដែរបច្ចុប្បន្ននិយ័តករមូលបត្រកម្ពុជាគឺជាសមាជិកសមាការីរបស់អង្គការគណៈកម្មការមូលបត្រអន្តរជាតិ(IOSCO)ព្រមទាំងបាននិងកំពុងបន្តនីតិវិធីដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការដ៏សំខាន់នេះ។
ប្រភព៖ ក្រសួងព័ត៌មាន