លោក កាម៉ាល់ ខារ៉ាហ្ស៊ី (Kamal Kharrazi) ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាំមេណី (Ali Khamenei) និងជាប្រធានក្រុមប្រឹក្សាយុទ្ធសាស្ត្រ ស្តីពីទំនាក់ទំនងការបរទេសរបស់អ៊ីរ៉ង់ បានប្រាប់សារព័ត៌មានស្ពុតនីក (Sputnik) ថា អ៊ីរ៉ង់បានសម្តែងឆន្ទៈក្នុងការពិចារណាទៅលើកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយរុស្ស៊ីនិងចិន ដើម្បីស្តារកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ឡើងវិញ។

នៅពេលដែលត្រូវបាបសួរថាតើអ៊ីរ៉ង់ចាត់ទុករុស្ស៊ីនិងចិនជាអ្នកសម្របសម្រួលដែលអាចធ្វើទៅបានក្នុងការអភិវឌ្ឍទម្រង់សហប្រតិបត្តិការថ្មីរវាងទីក្រុងតេអេរ៉ង់ និង IAEA ដែរឬទេ? លោក ខារ៉ាហ្ស៊ី បាននិយាយថា «បាទ! ប្រសិនបើគម្រោងនេះត្រូវបានស្នើឡើងយើងនឹងពិចារណាវា»។

លោក មីឃែល អ៊ុលយ៉ាណូវ (Mikhail Ulyanov) អ្នកតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការអន្តរជាតិនៅទីក្រុងវីយែន បាននិយាយនៅពេលមុននេះថា រុស្ស៊ី ចិន និងអ៊ីរ៉ង់ បានធ្វើកិច្ចចរចាត្រីភាគី ស្តីពីឯកសារនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រោយមក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកជី (Abbas Araghchi) បានធ្វើការសន្ទនាតាមទូរស័ព្ទពីរលើកជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) ដោយក្នុងអំឡុងពេលនោះ ពួកគេបានពិភាក្សាគ្នាអំពីការចូលរួមរបស់ទីក្រុងតេអេរ៉ង់ជាមួយទីភ្នាក់ងារ IAEA និងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

នៅថ្ងៃទី១១ ខែតុលា លោក អារ៉ាកជី បាននិយាយថា អ៊ីរ៉ង់បានផ្អាកការអនុវត្តកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអេហ្ស៊ីបជាមួយទីភ្នាក់ងារ IAEA ដែលបានគូសបញ្ជាក់ពីក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយទីភ្នាក់ងារនេះដោយពិចារណាទៅលើការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ ការអនុវត្តននេះបានកើតឡើងបន្ទាប់ពីការបន្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងតេអេរ៉ង់បានសង្កត់ធ្ងន់ទៅលើការត្រៀមខ្លួនរបស់ខ្លួនក្នុងការពិចារណាទៅលើសំណើសម្រាប់កិច្ចព្រមព្រៀងថ្មីជាមួយទីភ្នាក់ងារ IAEA។ ទោះជាយ៉ាងណាក៏ដោយ ទម្រង់នៃការចូលរួមជាមួយទីភ្នាក់ងារនេះត្រូវបានសម្រេចដោយក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់។

 

 

ប្រភព៖ ក្រសួងព័ត៌មាន