ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការនាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា លោកបានមានកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម អានុទិន ឆានវីរគល់ នាយករដ្ឋមន្ត្រីថៃ។ ការសន្ទនានេះមានគោលបំណងពិភាក្សាអំពីការវិវត្តចុងក្រោយ និងស្ថានការណ៍ថ្មីៗ ដែលកើតឡើងតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។
ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម បានបន្ថែមថា៖ «មេដឹកនាំទាំងពីរបានផ្ដល់មតិស្ថាបនាជាវិជ្ជមាន និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តដំណោះស្រាយដោយសន្តិវិធី ស្របតាមការយោគយល់គ្នាដែលបានព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។
ប្រធានអាស៊ានបានលើកឡើងថា” ខ្ញុំបានអះអាងជាថ្មីពីជំហររបស់ប្រទេសម៉ាឡេស៊ី ចង់ឃើញ មិត្តភាព និងបទឈប់បាញ់រវាងប្រទេសទាំងពីរត្រូវបានពង្រឹងបន្ថែមទៀត ដោយអនុលោមទៅតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួកាលពីខែមុន។ ខ្ញុំក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ម៉ាឡេស៊ី ក្នុងការបន្តដើរតួនាទីជាអ្នកសម្របសម្រួលផ្លូវឆ្ពោះទៅកាន់សន្តិភាពនេះ។”
លើសពីនេះទៀត នាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានសម្ដែងការកោតសរសើរចំពោះជំហរ និងតួនាទីរបស់ម៉ាឡេស៊ី មិនត្រឹមតែជា ប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមិត្តជិតស្និទ្ធ និងជាដៃគូសន្តិភាពសំខាន់ក្នុងតំបន់ផងដែរ។
នៅចុងបញ្ចប់ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម បានអំពាវនាវឲ្យប្រទេសទាំងពីរ បន្តបង្ហាញការប្ដេជ្ញាចិត្ត និងភាពក្លាហាន ដើម្បីស្ដារស្ថិរភាពតាមបណ្ដោយព្រំដែនឡើងវិញ ហើយធានាសន្តិភាពយូរអង្វែង និងសុវត្ថិភាពរបស់ប្រជាជនទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន