លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានគូសបញ្ជាក់ថាការបើកដំណើរការជើងហោះហើរត្រង់ជាលើកដំបូងមកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួមមកកាន់ព្រះរាជាណាចក្រកម្ពុជានិងជះឥទ្ធិពលវិជ្ជមាននិងបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរមកពីមជ្ឈឹមបូព៌ាក៏ដូចជាភ្ញៀវទេសចរពីប្រទេសនានាដែលចង់មកកម្សាន្តនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថាការបើកដំណើរការជើងហោះហើរត្រង់របស់ Etihad Airway នឹងជះផលវិជ្ជមានដែលនឹងជំរុញដល់វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើង។លោកជំទាវបញ្ជាក់ថា តួយ៉ាងការតភ្ជាប់ជើងហោះហើរនេះនឹងបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរមកពីមជ្ឈឹមបូព៌ាក៏ដូចជាភ្ញៀវទេសចរពីប្រទេសនានាដែលចង់មកកម្សាន្តនៅក្នុងប្រទេសកម្ពុជាដោយពួកគេពុំចាំបាច់ឆ្លងកាត់ប្រទេសដទៃទៀតទេពោលគឺធ្វើដំណើរត្រង់ចូលមកកម្ពុជាតែម្តង។

លោកជំទាវបានថ្លែងបញ្ជាក់ថា«គោលដៅទេសចរណ៍សម្រាប់ភ្ញៀវពីមជ្ឈឹមបូព៌ាមួយចំនួនរួមមានប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាបដែលជាដួងព្រលឹងនៃកម្ពុជាទីក្រុងភ្នំពេញបេះដូងនៃប្រទេសកម្ពុជាជាទេសចរណ៍អាជីវកម្មសេដ្ឋកិច្ចនិងទស្សនកិច្ចផ្លូវរដ្ឋនិងជាពិសេសតំបន់ឆ្នេរនៅភូមិភាគនិរតីនៃកម្ពុជាដែលមានឆ្នេរខ្សាច់និងសមុទ្រគួរជាទីទាក់ទាញ»។

ជាមួយគ្នានេះលោកជំទាវប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបន្ថែមថាកន្លងមកភ្ញៀវទេសចរមកពីមជ្ឈឹមបូព៌ាគឺមានចំនួនតិចតួចមែនទែនហើយលោកជំទាវសង្ឃឹមថាការបើកដំណើរការជើងហោះហើរផ្ទាល់នេះរួមជាមួយនឹងការព្យាយាមផ្សព្វផ្សាយពីក្រសួងទេសចរណ៍និងស្ថាប័នគ្រប់ផ្នែកទាំងអស់នឹងជួយទាក់ទាញភ្ញៀវទេសចរពីតំបន់មជ្ឈឹមបូព៌ាក៏ដូចជាពីតំបន់ផ្សេងទៀតមកកម្ពុជាឱ្យកាន់តែច្រើនផងដែរ។

ក្នុងឱកាសអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airwaysដែលបានសម្រេចបើកជើងហោះហើរត្រង់ជាលើកដំបូងមកពីទីក្រុងអាប៊ូដាប៊ីប្រទេសអារ៉ាប់រួមមកកាន់ព្រះរាជាណាចក្រកម្ពុជាចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។

 ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចាត់ទុកថានេះសបញ្ជាក់ឱ្យឃើញពីការចាប់ផ្តើមប្រតិបត្តិការហោះហើរភ្ជាប់កម្ពុជាទៅកាន់ពិភពលោកនិងភ្ជាប់ពិភពលោកមកកាន់កម្ពុជាហើយកម្ពុជាកំពុងសាទរចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោកមកពីទីក្រុងអាប៊ូដាប៊ីប្រទេសអារ៉ាប់រួម។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាការតភ្ជាប់ជើងហោះកម្រិតពិភពលោកនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់នូវកំណើនភ្ញៀវទេសចរមកកាន់កម្ពុជាជាពិសេសពិតជាឆ្លើយតបទៅនឹងការជឿនលឿនយ៉ាងឆាប់រហ័សក្នុងវិស័យអាកាសចរណ៍របស់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ក្នុងន័យនេះបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

យោងតាមក្រុមហ៊ុន Etihad Airways (Cambodia) បានឱ្យដឹងថាចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airwaysបានតភ្ជាប់ជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអាប៊ូដាប៊ីមកកាន់រាជធានីភ្នំពេញដោយទទួលបានអ្នកដំណើរសរុបចំនួន ១៥៤នាក់និងអ្នកដំណើរដែលអញ្ជើញត្រឡប់ទៅវិញចំនួន៩០នាក់ដែលចំណាយពេលជាង ៧ម៉ោងមិនឈប់ហើយជើងហោះហើរនេះមាន៤ជើងក្នុងមួយសប្តាហ៍។

 

 

ប្រភព៖ ក្រសួងព័ត៌មាន